អេភេសូរ 5:5-18

អេភេសូរ 5:5-18 គកស១៦

ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ ដូច្នេះ កុំ​សេព​គប់​ជាមួយ​ពួកគេ​ឲ្យ​សោះ។ ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ (ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។ ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។ កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ

អាន អេភេសូរ 5