អេភេសូ 5:21-33

អេភេសូ 5:21-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រិស្ត ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។ បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ស្វាមី​នាំ​មុខ ភរិយា ដូច​ព្រះ‌គ្រិស្ត​នាំ​មុខ​ក្រុម‌ជំនុំ* ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ក្រុម‌ជំនុំ​ដែល​ជា​ព្រះ‌កាយ​ព្រះអង្គ។ ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ចំពោះ​បងប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​ក្រុម‌ជំនុំ​ដែរ ព្រះអង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សម្រាប់​ក្រុម‌ជំនុំ ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា​របស់ខ្លួនឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រិស្ត​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ក្រុម‌ជំនុំ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ ។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថ‌ន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ​សំដៅ​លើ​ព្រះ‌គ្រិស្ត និង​ក្រុម‌ជំនុំ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បងប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:21-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។ ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។ ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ ដូច​ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​ក្រុម​ជំនុំ ហើយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សង្គ្រោះ​របស់​រូប‌កាយ។ ដូច​ជា​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។ ដូច្នេះ ប្តី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឲ្យ​ដូច​ជា​ស្រឡាញ់​រូប‌កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ។ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ‌គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។ «ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ »។ សេចក្តី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ដូច្នោះ សំ​ដៅ​លើ​ព្រះ‌គ្រីស្ទ និង​ក្រុម​ជំនុំ​វិញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:21-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។ ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​រូប‌កាយ​ផង ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ផង ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប‌កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះ‌អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​របស់​រូប​អង្គ នឹង​សាច់​ឆ្អឹង​ទ្រង់ «ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​វិញ» សេចក្ដី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះ‌គ្រីស្ទ នឹង​ពួក​ជំនុំ​វិញ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត‌ខ្លាច​ប្ដី​ដែរ។

ចែក​រំលែក
អាន អេភេសូ 5