អេភេសូរ 5:21-33

អេភេសូរ 5:21-33 គកស១៦

ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។ ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។ ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ ដូច​ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​ក្រុម​ជំនុំ ហើយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សង្គ្រោះ​របស់​រូប‌កាយ។ ដូច​ជា​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។ ដូច្នេះ ប្តី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឲ្យ​ដូច​ជា​ស្រឡាញ់​រូប‌កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ។ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ‌គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ ព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះ​កាយ​របស់​ព្រះ‌អង្គ។ «ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ »។ សេចក្តី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ដូច្នោះ សំ​ដៅ​លើ​ព្រះ‌គ្រីស្ទ និង​ក្រុម​ជំនុំ​វិញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។

អាន អេភេសូរ 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូរ 5:21-33