អេភេសូ 4:29-32
អេភេសូ 4:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។ ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
អេភេសូ 4:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។ កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្តដែរ។
អេភេសូ 4:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។