អេភេសូ 3:16-19
អេភេសូ 3:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
អេភេសូ 3:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមព្រះអង្គមេត្តាប្រោសឲ្យបងប្អូន មានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ សូមព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ គឺឲ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
អេភេសូ 3:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។