អេភេសូ 3:14-21

អេភេសូ 3:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌វរបិតា ដែល​គ្រប់​ទាំង​គ្រួ​សារ​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី មាន​ឈ្មោះ​មក​ពី​ព្រះ‌អង្គ។ ខ្ញុំ​អធិស្ឋាន​សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​កម្លាំង​មនុស្ស​ខាង​ក្នុង ដោយ​ព្រះ‌ចេស្ដា តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី​ល្អ​ដ៏​ប្រ‌សើរ​ក្រៃ​លែង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ព្រះ‌គ្រីស្ទ​បាន​គង់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា តាម​រយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សមត្ថ​ភាព​អាច​យល់​បាន រួម​ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់ ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដែល​រក​គិត​មិន​យល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដោយ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ។ ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ‌អង្គ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដល់​គ្រប់​ជំនាន់ អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ ​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែនដី សូម​ព្រះអង្គ​មេត្តា​ប្រោស​ឲ្យ​បងប្អូន មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។ សូម​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​ចិត្ត​បងប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បងប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ក្នុង​ក្រុម‌ជំនុំ និង​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ នៅ​គ្រប់​ជំនាន់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ‌លែង ឲ្យ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ផង​ព្រះ។ ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ចែក​រំលែក
អាន អេភេសូ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ