អេភេសូ 3:1-13

អេភេសូ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ុល ជា​អ្នក​ទោស​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា​ជា​ពួក​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ អំពី​ភាព​ជា​អ្នក​មើល​ខុស​ត្រូវ​នៃ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​បាន​សសេរ​យ៉ាង​សង្ខេប​ពី​ខាង​ដើម​រួច​មក​ហើយ។ ពេល​អ្នក​រាល់​គ្នា​អាន​សេចក្ដី​នេះ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​យល់​ពី​ចំណេះ​របស់​ខ្ញុំ​អំពី​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ។ ព្រះ​មិន​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នេះ ឲ្យ​មនុស្ស​ជំនាន់​មុន​បាន​ស្គាល់ ដូច​ជា​បាន​បើក​សម្ដែង​ឲ្យ​ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់​នៅ​ពេល​នេះ ដោយ​សារ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ថា ពួក​សាសន៍​ដទៃ​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក​ជា​មួយ​គ្នា ជា​អវយវៈ​របស់​រូប‌កាយ​តែ​មួយ ហើយ​ជា​អ្នក​មាន​ចំណែក​នៃ​សេចក្តី​សន្យា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ តាម​រយៈ​ដំណឹង​ល្អ។ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ តាម​ព្រះ‌គុណ​របស់​ព្រះ ជា​អំណោយ‌ទាន​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ។ ទោះ​បើ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ក្តី ក៏​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង​ល្អ ជា​សម្បត្តិ​ដ៏​បរិបូរ​របស់​ព្រះគ្រីស្ទ ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ឃើញ​ផែន​ការ ពី​អាថ៌‌កំបាំង​ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​សួគ៌ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ តាម​រយៈ​ក្រុម​ជំនុំ។ សេចក្តី​នេះ​ស្រប​តាម​ផែន​ការ​ដ៏​អស់​កល្ប ដែល​ព្រះ‌អង្គ​បាន​សម្រេច​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង នៅ​ក្នុង​ព្រះ‌អង្គ យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ​ដោយ​ក្លា‌ហាន ទាំង​ទុក​ចិត្ត តាម​រយៈ​ជំនឿ​ដល់​ព្រះ‌អង្គ។ ហេតុ​នេះ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​កុំ​ឲ្យ​រសាយ​ចិត្ត ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក សម្រាប់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​ទាំង​នេះ​ជា​សិរី​ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​សាសន៍​ដទៃ…។ បងប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខងារ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​នោះ​ហើយ​មើល​ទៅ។ ព្រះអង្គ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។ ពេល​បងប្អូន​អាន​សេចក្ដី​នោះ បងប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ត។ នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ក្រុម​សាវ័ក* និង​ព្យាការី*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះ‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះ‌ពរ តាម​ព្រះ‌បន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រា‌អែល ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ។ ខ្ញុំ​បាន​ទទួល​មុខងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។ ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏វិសុទ្ធ*​ក្ដី ក៏​ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រិស្ត ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។ នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំនុំ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់ តាម​ផែន‌ការ​ដែល​ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ហើយ​ព្រះអង្គ​បាន​សម្រេច​ដោយ‌សារ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។ ហេតុ​នេះ សូម​បងប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុងរឿង​របស់​បងប្អូន​វិញ​ទេ។

ចែក​រំលែក
អាន អេភេសូ 3

អេភេសូ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​ការ​ត្រួត‌ត្រា​របស់​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​អាថ៌‌កំបាំង ដោយ​ការ​បើក​សំដែង ដូច​ជា​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​ពី​កាល​មុន​ដែរ កាល​ណា​អ្នក​រាល់​គ្នា​មើល​សំបុត្រ​នោះ នោះ​នឹង​អាច​នឹង​យល់​ពី​ចំណេះ​ខ្ញុំ ខាង​ឯ​ការ​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ​បាន ជា​ការ​អាថ៌‌កំបាំង​ដែល​កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​ដូច​ជា​បាន​សំដែង​មក​ឲ្យ​ពួក​សាវក នឹង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ទេ គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក​ជា​មួយ​គ្នា នឹង​ជា​រូប‌កាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ ដោយ‌សារ​ដំណឹង​ល្អ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បំរើ​ដំណឹង​ល្អ​នោះ តាម​ព្រះ‌គុណ​នៃ​ព្រះ ជា​អំណោយ​ទាន​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​ធ្វើ ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្ដី​ប្រកប​ក្នុង​ការ​អាថ៌‌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់‌កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយ‌សារ​ពួក​ជំនុំ តាម​គំនិត​សំរេច​តាំង​ពី​អស់‌កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ហើយ​ក្នុង​ទ្រង់ យើង​រាល់​គ្នា​ក៏​មាន​សេចក្ដី​ក្លាហាន នឹង​ច្បាប់​ចូល​ដោយ​ទុក​ចិត្ត ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរី‌ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។

ចែក​រំលែក
អាន អេភេសូ 3