អេភេសូ 1:15-22
អេភេសូ 1:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្តែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឲ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលុបយ៉ាងណាដែរ!។ សូមព្រះអង្គប្រទានឲ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលព្រះអង្គបានសម្តែងក្នុងអង្គព្រះគ្រិស្ត។ ព្រះអង្គបានសម្តែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង ។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ត ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ
អេភេសូ 1:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយហេតុនេះ កាលខ្ញុំបានឮពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដល់ពួកបរិសុទ្ធទាំងអស់ នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។ សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ ជាព្រះចេស្តាដែលព្រះអង្គបានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយតាំងឲ្យគង់ខាងស្តាំព្រះអង្គនៅស្ថានសួគ៌ ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងសម័យនេះប៉ុណ្ណោះ តែនៅឯបរលោកផងដែរ។ ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ទាំងតាំងព្រះអង្គជាសិរសាលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ
អេភេសូ 1:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះ កាលខ្ញុំឮនិយាយពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនឹងពីសេចក្ដីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើង ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្ដីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់ ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់