អេភេសូរ 1
1
សេចក្ដីផ្ដើម
1ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ សូមជម្រាបមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ។ 2សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ព្រះពរខាងវិញ្ញាណក្នុងព្រះគ្រីស្ទ
3សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌ 4តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។ 5ព្រះអង្គបានតម្រូវយើងទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូន តាមរយៈព្រះយេស៊ូវគ្រីស្ទ ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ 6ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។ 7នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ 8ដែលព្រះអង្គបានផ្តល់មកយើងជាបរិបូរ។ 9ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ 10ជាគម្រោងការមួយសម្រាប់ពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់នៅក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។ 11ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ 12ដើម្បីឲ្យយើងខ្ញុំ ដែលបានសង្ឃឹមដល់ព្រះគ្រីស្ទមុនគេ បានសរសើរដល់សិរីល្អរបស់ព្រះអង្គ។ 13នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា 14គឺព្រះវិញ្ញាណនេះហើយជាទីបញ្ចាំចិត្ត សម្រាប់មត៌ករបស់យើង រហូតទាល់តែយើងបានរបស់នោះពេញលេញជាកម្មសិទ្ធិ សម្រាប់ជាការសរសើរដល់សិរីល្អរបស់ព្រះអង្គ។
សេចក្តីអធិស្ឋានរបស់លោកប៉ុល
15ដោយហេតុនេះ កាលខ្ញុំបានឮពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដល់ពួកបរិសុទ្ធទាំងអស់ 16នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។ 17សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ 18ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា 19ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ 20ជាព្រះចេស្តាដែលព្រះអង្គបានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយតាំងឲ្យគង់ខាងស្តាំព្រះអង្គនៅស្ថានសួគ៌ 21ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងសម័យនេះប៉ុណ្ណោះ តែនៅឯបរលោកផងដែរ។ 22ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ទាំងតាំងព្រះអង្គជាសិរសាលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ 23ដែលជាព្រះកាយរបស់ព្រះអង្គ ជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។
ទើបបានជ្រើសរើសហើយ៖
អេភេសូរ 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies