សាស្ដា 5:8-19

សាស្ដា 5:8-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។ ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។ អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។ ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។ អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។ ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។ អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។ អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។ ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។ មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: ក្នុង​ពេល​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​នៅ​មាន​ជីវិត​ដ៏​ខ្លី​នេះ គេ​ត្រូវ​តែ​ស៊ី​ផឹក ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ​នៅ​លើ​ផែនដី។ នេះ​ហើយ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។ អ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​មាន​លទ្ធ‌ភាព​ប្រើ‌ប្រាស់​ទ្រព្យ‌ធន ដែល​ជា​ចំណែក​របស់​ខ្លួន ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ អ្នក​នោះ​ត្រូវ​គិត​ថា នេះ​ហើយ​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:8-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​អ្នក​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង។ ប៉ុន្តែ ផល​កើត​ពី​ដី នោះ​សម្រាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចម្ការ​មក​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។ កាល​ណា​របស់​ទ្រព្យ​បាន​ចម្រើន​ឡើង ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​ទ្រព្យ‌សម្បត្តិ​នោះ លុះ​ត្រា​តែ​បាន​ឃើញ​ដោយ​ភ្នែក? ការ​ដេក​លក់​របស់​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិ‌ភោគ​តិច ឬ​ច្រើន​ក្តី ប៉ុន្តែ ការ​បរិ‌ភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​មួយ​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន ហើយ​ទ្រព្យ‌សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​ម្នាក់ គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ។ អ្នក​នោះ​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា‌មួយ​បាន​ឡើយ។ នេះ​ជា​ការ​អាក្រក់​យ៉ាង​ធ្ងន់​ដែរ គឺ​ដែល​កើត​មក​យ៉ាង​ណា នោះ​ត្រូវ​ទៅ​វិញ​យ៉ាង​នោះ​ឯង ការ​ដែល​បាន​ធ្វើ​ដោយ​នឿយ​ហត់ ជា​អសារ​ឥត​ការ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្លួន? គ្រប់​មួយ​ជីវិត ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។ នេះ​ហើយ​ជា​ការ​ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​មួយ​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន។ អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច និង​បរិ‌ភោគ​ផល​នៃ​របស់​ទាំង​នោះ នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ‌ទាន​ពី​ព្រះ។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:8-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង ១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ កាល​ណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ​សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ‌ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន ហើយ​ទ្រព្យ​សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ អ្នក​នោះ​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា នោះ​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ នេះ​ក៏​ជា​ការ​អាក្រក់​យ៉ាង​ធ្ងន់​ដែរ គឺ​ដែល​កើត​មក​យ៉ាង​ណា នោះ​ត្រូវ​ទៅ​វិញ​យ៉ាង​នោះ​ឯង ការ​ដែល​បាន​ធ្វើ​ដោយ​នឿយ‌ហត់ ជា​អសារ‌ឥត‌ការ​ដូច្នេះ​នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្លួន គ្រប់​១​ជីវិត នោះ​ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន នឹង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។ នេះ​ហើយ​ជា​ការ ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ីហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​អស់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ‌ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន ឯ​អស់​អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច​នឹង​បរិភោគ​ផល​នៃ​របស់​ទាំង​នោះ នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ​ទាន​ពី​ព្រះ

ចែក​រំលែក
អាន សាស្ដា 5