សាស្ដា 3:1-14

សាស្ដា 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ មាន​ពេល​សម្រាប់​កើត​មក ពេល​សម្រាប់​ស្លាប់​ទៅ មាន​ពេល​សម្រាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ មាន​ពេល​សម្រាប់​សម្លាប់ ពេល​សម្រាប់​មើល​ឲ្យ​ជា មាន​ពេល​សម្រាប់​រំលំ​រំលាយ និង​ពេល​សង់​ឡើង មាន​ពេល​យំ ពេល​សើច មាន​ពេល​សម្រាប់​សោយ‌សោក និង​ពេល​សម្រាប់​លោត​កព្ឆោង។ មាន​ពេល​សម្រាប់​បោះ​ថ្ម​ចោល ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប មាន​ពេល​សម្រាប់​ស្វែង​រក ពេល​សម្រាប់​បាត់‌បង់ មាន​ពេល​សម្រាប់​រក្សា​ទុក និង​ពេល​សម្រាប់​បោះ‌បង់​ចោល។ មាន​ពេល​សម្រាប់​ហែក​ចោល ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម និង​ពេល​សម្រាប់​និយាយ។ មាន​ពេល​សម្រាប់​ស្រឡាញ់ ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង និង​ពេល​សម្រាប់​សេចក្ដី​សុខ។ តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ? យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។ ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។ យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សម្រាប់​គេ​ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ដូច្នេះ ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី និង​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ‌ទាន​របស់​ព្រះ។ យើង​ក៏​ដឹង​ដែរ​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប មិន​ត្រូវ​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​បាន​ឡើយ មួយ​ទៀត ព្រះ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។

ចែក​រំលែក
អាន សាស្ដា 3

សាស្ដា 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។ មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។ មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។ មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។ មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។ មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។ មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។ មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។ តើ​អ្នក​ដែល​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ? ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ដែរ។ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។ ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះអង្គ។

ចែក​រំលែក
អាន សាស្ដា 3

សាស្ដា 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ មាន​ពេល​សំរាប់​កើត​មក នឹង​ពេល​សំរាប់​ស្លាប់​ទៅ មាន​ពេល​សំរាប់​ដាំ នឹង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង មាន​ពេល​យំ នឹង​ពេល​សើច មាន​ពេល​សំរាប់​សោយ‌សោក នឹង​ពេល​សំរាប់​លោត‌កញ្ឆេង មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល នឹង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប នឹង​ពេល​ដែល​គួរ​លែង​ឱប​ថើប មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្ដី​សុខ តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ យើង​បាន​ឃើញ​ការ​នឿយ‌ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់‌កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ីហើយ​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ‌ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ‌ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់

ចែក​រំលែក
អាន សាស្ដា 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ