សាស្តា 3
3
1មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ 2មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ នឹងពេលដករបស់ដែលបានដាំនោះ 3មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង 4មានពេលយំ នឹងពេលសើច មានពេលសំរាប់សោយសោក នឹងពេលសំរាប់លោតកញ្ឆេង 5មានពេលសំរាប់បោះថ្មចោល នឹងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប នឹងពេលដែលគួរលែងឱបថើប 6មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ មានពេលសំរាប់រក្សាទុក ហើយពេលសំរាប់បោះបង់ចោល 7មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ 8មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ 9តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ 10យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ 11ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ 12យើងដឹងហើយថា គ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ 13ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ 14យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់ 15អ្វីៗដែលមាននៅ នោះបានមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលត្រូវមានខាងមុខទៀត នោះក៏បានមានជាយូរមកហើយដែរ ព្រះទ្រង់ស្វែងរកអ្វីៗ ដែលកន្លងបាត់ហើយឲ្យបានមកវិញ។
16១សោតទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យ នោះមានសេចក្ដីទុច្ចរិត ហើយនៅកន្លែងនៃសេចក្ដីសុចរិត នោះមានសេចក្ដីអយុត្តិធម៌វិញ 17យើងក៏នឹកក្នុងចិត្តថា ព្រះទ្រង់ជំនុំជំរះទាំងពួកអ្នកសុចរិត នឹងទុច្ចរិតផង ដ្បិតមានពេលសំរាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ នឹងបណ្តាការទាំងពួងផង 18យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះទ្រង់ចង់ល្បងលនឹងគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ 19ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ 20គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត 21តើមានអ្នកណាដឹងបានថា វិញ្ញាណនៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ 22ដូច្នេះ យើងបានយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងឲ្យគេមានចិត្តរីករាយ ក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ ពីព្រោះតើអ្នកណានឹងនាំមនុស្សមកវិញ ដើម្បីមើលការដែលនឹងកើតមកក្រោយគេបាន។
ទើបបានជ្រើសរើសហើយ៖
សាស្តា 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.