ទុតិយកថា 8:11-20

ទុតិយកថា 8:11-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ‌បញ្ជា វិន័យ និង​ច្បាប់​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំ‌នៅ‌ដ្ឋាន ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត‌អាង ហើយ​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។ ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូនតា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បង‌ល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។ មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ​ដោយ‌សារ​កម្លាំង និង​ស្នា‌ដៃ​របស់​អ្នក​ផ្ទាល់។ ចូរ​នឹក​ចាំ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ‌មេត្រី* ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក ដូច​ព្រះអង្គ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។ ប្រសិន​បើ​អ្នក​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ‌ខាន។ ពិត​មែន​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ»។

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:11-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ ពេល​អ្នក​បរិ‌ភោគ​ឆ្អែតស្កប់​ស្កល់ ហើយ​បាន​សង់​ផ្ទះ​យ៉ាង​ល្អជា​លំនៅ ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង មាន​ប្រាក់ និង​មាស​ក៏​ចម្រើន​ជាច្រើន​ឡើង ហើយ​គ្រប់​ទាំង​របស់​អ្នក​ក៏​ចម្រើន​ជាច្រើន​ឡើង នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។ ចូរ​ប្រយ័ត្ន​ក្រែង​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ទាំង​នេះ គឺ​ដោយ​សារឥទ្ធិ‌ឫទ្ធិ និង​កម្លាំង​ដៃ​របស់​ខ្ញុំ"។ ផ្ទុយ​ទៅ​វិញ ត្រូវ​នឹកចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​អ្នក​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​បញ្ជាក់​សេចក្ដី‌សញ្ញា ដែលព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស ដូច​មាន​នៅ​ថ្ងៃ​នេះ។ តែ​ប្រសិន‌បើ​អ្នក​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ និ​ង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំសូម​ព្រមាន​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​កំពុង​ធ្វើ​ឲ្យ​វិនាស​នៅ​មុខអ្នក​ដូច្នោះ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:11-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​មិន​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ហើយ​កាល​ណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់​ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូង​គោ ហ្វូង​ចៀម​ចំរើន​ជា​ច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង​ក៏​បាន​បរិបូរ​ផង នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ឯង​ដើរ​កាត់​ទី​រហោ‌ស្ថាន​សំបើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង នឹង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង ក៏​បាន​ចិញ្ចឹម​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាន៉ា​ដែល​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង ប្រយោជន៍​នឹង​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​ដល់​ចុង​បំផុត ហើយ​ក្រែង​ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​ដោយ​ឥទ្ធិ‌ឫទ្ធិ ហើយ​នឹង​កំឡាំង​ដៃ​នៃ​អញ​ទេ ដែល​អញ​បាន​ទ្រព្យ​សម្បត្តិទាំង​នេះ ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​វិនាស​ពី​មុខ​ឯង​ចេញ​នោះ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ។

ចែក​រំលែក
អាន ទុតិយកថា 8