ចូរប្រយ័ត្នក្រែងភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយមិនកាន់តាមអស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ពេលអ្នកបរិភោគឆ្អែតស្កប់ស្កល់ ហើយបានសង់ផ្ទះយ៉ាងល្អជាលំនៅ ពេលអ្នកមានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង មានប្រាក់ និងមាសក៏ចម្រើនជាច្រើនឡើង ហើយគ្រប់ទាំងរបស់អ្នកក៏ចម្រើនជាច្រើនឡើង នោះក្រែងអ្នកមានចិត្តអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រះអង្គបាននាំអ្នកដើរកាត់ទីរហោស្ថានដ៏ធំ គួរឲ្យស្ញែងខ្លាច ជាកន្លែងដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែព្រះអង្គបានធ្វើឲ្យទឹកចេញពីថ្មដ៏រឹងបំផុតឲ្យអ្នក ព្រះអង្គបានចិញ្ចឹមអ្នកនៅក្នុងទីរហោស្ថាន ដោយនំម៉ាណាដែលដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នក ប្រយោជន៍នឹងប្រោសឲ្យអ្នកបានសេចក្ដីល្អនៅចុងបំផុត ។ ចូរប្រយ័ត្នក្រែងអ្នកនឹកក្នុងចិត្តថា "ខ្ញុំមានទ្រព្យសម្បត្តិទាំងនេះ គឺដោយសារឥទ្ធិឫទ្ធិ និងកម្លាំងដៃរបស់ខ្ញុំ"។ ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។ តែប្រសិនបើអ្នកភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយទៅប្រព្រឹត្តតាមព្រះដទៃ ទាំងគោរពប្រតិបត្តិ និងក្រាបថ្វាយបង្គំព្រះទាំងនោះ នោះខ្ញុំសូមព្រមានអ្នករាល់គ្នាយ៉ាងមុតមាំនៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសជាមិនខាន។ អ្នករាល់គ្នានឹងត្រូវវិនាស ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាកំពុងធ្វើឲ្យវិនាសនៅមុខអ្នកដូច្នោះដែរ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
អាន ចោទិយកថា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចោទិយកថា 8:11-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ