ទុតិយកថា 8:1-7

ទុតិយកថា 8:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អស់​ទាំង​បទ​បញ្ជា​ដែលខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់គ្នា​ត្រូវ​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ និង​ចម្រើន​គ្នា​ជា​ច្រើន​ឡើង ឲ្យ​បាន​ចូល​ទៅកាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​បុព្វ​បុរស​របស់​អ្នករាល់​គ្នា។ ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។ ព្រះ‌អង្គ​បាន​បន្ទាប​ចិត្ត​អ្នក ហើយ​ឲ្យ​អ្នក​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​អ្នក​ដោយ​នំ​ម៉ាណា ដែលអ្នក និង​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​មក​ដែរ ។ សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។ ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​វាយ​ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ចូរ​នឹក​ចាំ​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះអង្គ​ល្បង‌ល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឬ​យ៉ាង​ណា។ ព្រះអង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក‌បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះអង្គ»។ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អស់​ទាំង​សេចក្ដី​បង្គាប់ ដែល​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​ឲ្យ​ឯង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា​ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ សំលៀក‌បំពាក់​ឯង​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​ឯង​ក៏​មិន​បាន​ពុរពង​នៅ​រវាង​៤០​ឆ្នាំ​នេះ​ផង ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង

ចែក​រំលែក
អាន ទុតិយកថា 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ