ចោទិយ‌កថា 8:1-7

ចោទិយ‌កថា 8:1-7 គកស១៦

«អស់​ទាំង​បទ​បញ្ជា​ដែលខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់គ្នា​ត្រូវ​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ និង​ចម្រើន​គ្នា​ជា​ច្រើន​ឡើង ឲ្យ​បាន​ចូល​ទៅកាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​បុព្វ​បុរស​របស់​អ្នករាល់​គ្នា។ ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។ ព្រះ‌អង្គ​បាន​បន្ទាប​ចិត្ត​អ្នក ហើយ​ឲ្យ​អ្នក​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​អ្នក​ដោយ​នំ​ម៉ាណា ដែលអ្នក និង​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​មក​ដែរ ។ សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។ ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​វាយ​ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ

អាន ចោទិយ‌កថា 8