ទុតិយកថា 5:1-29

ទុតិយកថា 5:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​បាន​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយ​មានប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ដែល​ខ្ញុំ​ប្រាប់​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​នៅថ្ងៃ​នេះ។ អ្នក​រាល់​គ្នា​ត្រូវ​រៀន​សេចក្ដី​ទាំងនេះ ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​តាំង​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប។ ព្រះ‌អង្គ​មិន​បាន​តាំង​សញ្ញា​នេះ​នឹង​ដូន​តា​របស់​យើង​ទេ គឺ​បាន​តាំង​សញ្ញា​នឹង​យើង​វិញ គឺ​នឹង​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ ដែល​មាន​ជីវិត​រស់​នៅ​ថ្ងៃ​នេះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​កាន់​អ្នក​រាល់​គ្នា មុខ​ទល់​មុខ ពី​កណ្ដាល​ភ្លើង​នៅ​លើ​ភ្នំ (នៅ​វេលា​នោះ ខ្ញុំ​បាន​ឈរ​នៅ​ចន្លោះ​ព្រះ‌យេហូវ៉ា និង​អ្នក​រាល់​គ្នា ដើម្បី​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ខ្លាច​ដោយ​ព្រោះ​មាន​ភ្លើង ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ មិន​ត្រូវ​មាន​ព្រះ​ឯ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ រហូត​បីបួន​តំណ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង តែ​យើង​ផ្តល់​សេចក្ដី​សប្បុរស​រហូត​ដល់​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​យើង។ មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ជា​អសារ​ឥត​ការ​នោះ​ឡើយ។ ចូរ​គោរព​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក។ ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ ត្រូវ​ធ្វើ​អស់​ទាំង​កិច្ច​ការ​របស់​អ្នក​ចុះ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទាំង​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទាំង​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី ទាំង​គោ ឬ​លា ឬ​សត្វ​របស់​អ្នក​ណា​មួយ​ក្តី ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា‌មួយ​អ្នក​ក្តី ដើម្បី​ឲ្យ​បាវ​បម្រើ​ប្រុស និង​បាវ​បម្រើ​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។ ចូរ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។ ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​អ្នក។ កុំ​លោភ​ចង់​បាន​ប្រពន្ធ​អ្នក​ជិត​ខាង​របស់អ្នក។ កុំ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​របស់​អ្នក ឬ​ចម្ការ ឬ​អ្នក​បម្រើ​ប្រុស ឬ​អ្នក​បម្រើ​ស្រី​របស់​គេ ឬ​គោ លា ឬ​របស់​អ្វី​របស់​អ្នក​ជិត​ខាង​អ្នក​ឡើយ"»។ «សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​ក្នុង​ភ្លើង ពី​ពពក និង​ពី​ទី​ងងឹត​សូន្យ‌សុង មក​កាន់​ក្រុម​ជំនុំ​ទាំងមូលរបស់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ដោយ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​អ្វី​ទៀត​ឡើយ។ ព្រះ‌អង្គ​បានចារ​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ហើយ​ប្រគល់​មក​ខ្ញុំ។ ពេល​អ្នក​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្ដាល​ងងឹត​នោះ ក្នុង​កាល​ដែល​ភ្នំ​កំពុង​ឆេះ អ្នក​រាល់​គ្នា​បាន​មក​ជិតខ្ញុំ គឺ​ពួក​មេ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ចាស់‌ទុំ​របស់​អ្នក​រាល់​គ្នា ហើយ​ពោល​ថា "មើល៍ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ និង​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង​មក។ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​មនុស្ស ហើយ​មនុស្ស​នៅ​មាន​ជីវិត។ ដូច្នេះ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​ភ្លើង​ដ៏​ធំ​នេះ​នឹង​ឆាប​ឆេះ​យើង​ខ្ញុំ ប្រសិន‌បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​របស់ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​ខ្ញុំនឹង​ស្លាប់​មិន​ខាន។ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ក្នុង​បណ្ដា​អស់​ទាំង​មនុស្ស ដែល​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ មាន​ព្រះ‌បន្ទូល​ពី​ក្នុងភ្លើង​មក ដូច​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​នៅរស់​ដូច្នេះ? សូម​លោក​ចូល​ទៅ​ជិត ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មានដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដីដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល​មកកាន់​លោកចុះ នោះយើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម"។ ព្រះ‌យេហូវ៉ា​បានឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា ពេល​អ្នក​រាល់​គ្នា​និយាយ​មក​កាន់ខ្ញុំ ហើយ​ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មកខ្ញុំ​ថា "យើង​បាន​ឮ​ពាក្យ​របស់​ប្រជា‌ជន​នេះ ដែល​គេ​និយាយ​មក​កាន់​អ្នក​ហើយ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ត្រឹមត្រូវ​ហើយ! ឱ​បើ​គេ​មាន​ចិត្ត​យ៉ាង​នេះ​រហូត​ទៅ​អេះ គឺ​ដែល​ចេះ​កោត‌ខ្លាច​យើង ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ​របស់​យើង ដើម្បី​ឲ្យ​គេ និង​កូន​ចៅ​របស់​គេ​បាន​សប្បាយ‌ដរាប​តរៀង​ទៅ!

ចែក​រំលែក
អាន ទុតិយកថា 5

ទុតិយកថា 5:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ៈ នេះ​ជា​ច្បាប់ និង​វិន័យ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្ដី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូនតា​របស់​យើង នៅ​ភ្នំ​ហោរែប។ ព្រះ‌អម្ចាស់​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូនតា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។ ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះ‌អម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះអង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។ ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ​សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ។ អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។ ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ង‌ប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចម្ការ អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ក្រុម‌ជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះអង្គ​ពុំ​មាន​ព្រះ‌បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះអង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។ ក្រោយ​ពី​បាន​ឮ​ព្រះ‌សូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាប‌ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ ហើយ​ពោល​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុងរឿង និង​ភាព​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។ ហេតុ​នេះ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នោះ​នឹង​ឆាប‌ឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ត​ទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។ មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។ ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះ‌បន្ទូល រួច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម”។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជា‌ជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។ ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ!

ចែក​រំលែក
អាន ទុតិយកថា 5

ទុតិយកថា 5:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប ទ្រង់​មិន​បាន​តាំង​សេចក្ដី​សញ្ញា​នេះ​នឹង​ពួក​ឰយុកោ​យើង​ទេ គឺ​បាន​តាំង​នឹង​ខ្លួន​យើង​វិញ គឺ​នឹង​យើង​រាល់​គ្នា​នេះ​ហើយ ដែល​សុទ្ធ​តែ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ឯង ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ (នៅ​វេលា​នោះ អញ​បាន​ឈរ​នៅ​ជា​កណ្តាល​ព្រះ‌យេហូវ៉ា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​បង្ហាញ​ប្រាប់​ពី​ព្រះ‌បន្ទូល​នៃ​ទ្រង់​ដល់​ឯង​រាល់​គ្នា ពី​ព្រោះ​ឯង​បាន​ខ្លាច​ភ្លើង​នោះ ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។ ទ្រង់​មាន​បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។ កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​មុខ​អញ​ឲ្យ​សោះ។ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​នោះ​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ប្រចណ្ឌ អញ​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ ដល់​៣ ហើយ​៤​ដំណ​នៃ​អស់​អ្នក​ដែល​ស្អប់​អញ​ផង តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ទាំង​ពាន់​ដំណ​នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន​វិញ។ កុំ​ឲ្យ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​ទ្រង់​ជា​អសារ​ឥត​ការ​នោះ​ទេ។ ចូរ​កាន់​ថ្ងៃ​ឈប់​សំរាក ដើម្បី​នឹង​ថែ​រក្សា​ឲ្យ​បាន​បរិសុទ្ធ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ហើយ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សំរាក​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សំរាក​ដូច​ជា​ឯង​ដែរ ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ព្រះ‌ពាហុ​លើក​សំរេច ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សំរាក​នេះ។ ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។ កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ឯង​ឡើយ។ កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចំការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។ សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក នឹង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង នឹង​ពួក​ចាស់‌ទុំ​ផង ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដូច្នេះ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ​នឹង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​អស់​ទាំង​មនុស្ស​ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ សូម​ឲ្យ​លោក​ចូល​ទៅ​ជិត ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តាជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ ប្រយោជន៍​ឲ្យ​គេ នឹង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ

ចែក​រំលែក
អាន ទុតិយកថា 5