ទុតិយកថា 30:11-20
ទុតិយកថា 30:11-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងអ្នកទេ ក៏មិនមែននៅឆ្ងាយដែរ។ បទបញ្ជានេះមិនមែននៅលើស្ថានសួគ៌ ឲ្យអ្នកពោលថា "តើបានអ្នកណានឹងឡើងទៅស្ថានសួគ៌ នាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាម?" នោះឡើយ ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យអ្នកពោលថា "តើបានអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាម?" នោះដែរ។ គឺព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រព្រឹត្តតាមបាន ។ មើល៍ នៅថ្ងៃនេះ ខ្ញុំបានដាក់ជីវិត និងសេចក្ដីល្អនៅមុខអ្នក ព្រមទាំងសេចក្ដីស្លាប់ និងសេចក្ដីអាក្រក់ផង។ ប្រសិនបើអ្នកស្ដាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ នោះអ្នកនឹងបានរស់នៅ ហើយចម្រើនឡើង។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរអ្នក នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។ ប៉ុន្តែ បើចិត្តរបស់អ្នកបែរចេញ មិនព្រមស្តាប់តាម តែបណ្ដោយឲ្យគេទាញទៅថ្វាយបង្គំព្រះដទៃ ហើយគោរពប្រតិបត្តិតាមដល់ព្រះទាំងនោះ នោះខ្ញុំប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងត្រូវវិនាសជាមិនខាន។ អ្នកនឹងមិនបានរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នកនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះឡើយ។ ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ទុតិយកថា 30:11-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្ដាលឲ្យអ្នកពោលថា “តើបាននរណាឡើងទៅលើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។ មើល៍ថ្ងៃនេះ ខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ អំពើល្អ ឬអំពើអាក្រក់ ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា ច្បាប់ និងវិន័យរបស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្ដាប់បង្គាប់ព្រះអង្គ ដោយបណ្ដោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុក ដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ ព្រះពរ ឬបណ្ដាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។
ទុតិយកថា 30:11-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតសេចក្ដីបញ្ញត្តដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ គឺមិនមែននៅលើស្ថានសួគ៌ ឲ្យឯងបានថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌ នាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះទេ ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យឯងបានថា តើអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាមនោះដែរ គឺព្រះបន្ទូលនេះនៅជិតឯងណាស់ ក៏នៅក្នុងមាត់ឯង នឹងក្នុងចិត្តឯងផង ដើម្បីឲ្យឯងអាចប្រព្រឹត្តតាមបាន។ មើល នៅថ្ងៃនេះ អញបានដាក់សំញែងជីវិត នឹងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់ នឹងសេចក្ដីអាក្រក់ផង ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនឹងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចំរើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ ប៉ុន្តែបើចិត្តឯងបែរចេញ មិនព្រមស្តាប់តាម ក៏យល់ព្រមឲ្យគេប្រទាញនាំទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមព្រះដទៃវិញ នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ អញអាងដល់ស្ថានសួគ៌ នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរ នឹងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះ ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកឰយុកោឯងថានឹងឲ្យដល់គេ។