ចោទិយ‌កថា 30

30
ការ​បញ្ជាក់​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ
1«កាល​សេចក្ដី​ទាំង​អស់​នេះ​បាន​កើត​ឡើង​ដល់​អ្នក គឺ​ទាំង​ព្រះ​ពរ និង​បណ្ដា‌សា ដែល​ខ្ញុំ​បាន​ដាក់​នៅ​មុខ​អ្នក ហើយ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​បណ្ដេញ​អ្នក​ចេញ​ទៅ ហើយ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ 2រួច​វិល​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ គឺ​ទាំង​អ្នក និង​កូន​ចៅ​របស់​អ្នក ហើយ​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក 3នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក ហើយ​អាណិត​មេត្តា​អ្នក ព្រម​ទាំង​ប្រមូល​អ្នកមកពី​អស់​ទាំង​សាសន៍ ដែល​ព្រះ‌អង្គ​បាន​កម្ចាត់​កម្ចាយ​អ្នក​ទៅ​នោះ។ 4ទោះ​បើ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ ក៏​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រមូល ហើយ​នាំ​យក​អ្នក​ពី​ទី​នោះ​មក​វិញ​ដែរ។ 5ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​មក​ក្នុង​ស្រុក​ដែល​បុព្វ‌បុរស​អ្នក​បាន​ចាប់​យក ហើយ​អ្នក​នឹងចាប់​យក​ស្រុក​នោះ​វិញ។ ព្រះ‌អង្គ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក ហើយ​នឹង​ចម្រើន​អ្នក​ឲ្យ​មាន​គ្នា​ច្រើន លើស​ជាង​បុព្វ‌បុរស​របស់​អ្នក​ទៅ​ទៀត។
6ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​កាត់​ស្បែក​ចិត្ត​របស់​អ្នក ហើយ​ចិត្ត​របស់​ពូជ​ពង្ស​អ្នក ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​ឲ្យ​អ្នក​បាន​រស់​នៅ។ 7ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ដាក់​បណ្ដា‌សា​ទាំង​អស់​នេះ ទៅ​លើ​ខ្មាំង‌សត្រូវ និង​ទៅ​លើ​ពួក​អ្នក​ដែល​ស្អប់ ហើយ​បៀត​បៀន​អ្នក។ 8អ្នក​នឹង​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំងប​ទបញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ 9ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង​ចម្រើន​ជាបរិបូរ ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ជា​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក ផលដែល​កើត​ពី​ហ្វូង​សត្វ និង​ផល​ដែល​កើត​ពី​ដី​របស់​អ្នក។ ដ្បិត​ព្រះ‌យេហូវ៉ា​រីក​រាយ​នឹង​ប្រោស​ឲ្យ​អ្នក​បាន​ចម្រុង​ចម្រើន​ឡើង​វិញ ដូច​ព្រះ‌អង្គរីករាយ​នឹង​ដូនតា​របស់​អ្នក​ដែរ 10ពេល​អ្នក​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​នៅ​ពេល​អ្នក​បែរ​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក»។
ការ​ដាស់​តឿន​ឲ្យ​រើស​យក​ជីវិត
11«បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​អ្នក​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ។ 12បទ​បញ្ជា​នេះ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​អ្នក​ពោល​ថា "តើបាន​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម?" នោះ​ឡើយ 13ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​អ្នក​ពោល​ថា "តើ​បាន​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម?" នោះ​ដែរ។ 14គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ប្រព្រឹត្ត​តាម​បាន ។
15មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ដាក់​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​អ្នក ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង។ 16ប្រសិន‌បើ​អ្នក​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ នោះ​អ្នក​នឹង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។ 17ប៉ុន្តែ បើ​ចិត្ត​របស់​អ្នក​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម តែ​បណ្ដោយ​ឲ្យ​គេ​ទាញ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ដល់​ព្រះ​ទាំង​នោះ 18នោះ​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ អ្នក​នឹង​មិន​បាន​រស់​នៅ​យូរ​អង្វែង នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​នោះ​ឡើយ។ 19ខ្ញុំយក​ស្ថាន​សួគ៌ និង​ផែន‌ដី​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​បាន​ដាក់​ជីវិត និង​សេចក្ដី​ស្លាប់ ហើយ​ព្រះ‌ពរ និង​បណ្ដា‌សា នៅ​មុខ​អ្នក​រាល់​គ្នា។ ដូច្នេះ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក​បាន​រស់​នៅ 20ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ស្តាប់​តាម​ព្រះ‌សូរ​សៀងរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ត​ទៅ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ជីវិត និង​ជា​អាយុ​យឺន​យូរ​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ​បុរស​របស់​អ្នក ថា​នឹង​ប្រទាន​ដល់​ពួក​លោក»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល