ទុតិយកថា 26:1-19

ទុតិយកថា 26:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កាល​ណា​អ្នក​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ជា​មត៌ក រួច​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ហើយ នោះ​ត្រូវ​យក​ផល​ដំបូង​គ្រប់​មុខ​ទាំង​អស់ ដែល​កើត​ពី​ដី ដែល​អ្នក​ប្រមូល​ពី​ស្រែ​ចម្ការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក រួច​ដាក់​ក្នុង​កញ្ជើ​មួយ នាំ​យក​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។ អ្នក​ត្រូវ​ទៅ​ជួប​សង្ឃ​ដែល​បំពេញ​មុខ​ងារ​នៅ​គ្រា​នោះ ហើយ​ជម្រាប​លោក​ថា "នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វបុរស​របស់​យើង​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ"។ ពេល​នោះ សង្ឃ​ត្រូវ​យក​កញ្ជើ​ពី​ដៃ​របស់​អ្នក ទៅ​ដាក់​នៅ​មុខ​អាសនា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ បន្ទាប់​មក ត្រូវ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "បុព្វ​បុរស​របស់​ខ្ញុំ ជា​សាសន៍​អើរ៉ាម ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ លោក​បាន​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ធំ ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ជា​ច្រើន។ សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ការ​យ៉ាង​ធ្ងន់។ ពេល​នោះ យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ហើយ​ព្រះ‌អង្គ​បាន​ឮ​សម្រែក​យើង​ខ្ញុំ ក៏​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់‌សង្កិន​ដល់​យើង​ខ្ញុំ​ផង។ ព្រះ‌យេហូវ៉ាបាន​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ធ្វើ​ការយ៉ាង​ធំ​គួរ​ស្ញែង‌ខ្លាច ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ។ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ដល់​យើង​ខ្ញុំ។ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​បាន​នាំ​យក​ផល​ដំបូង​ពី​ដី​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល‌បង្គំហើយ"។ ត្រូវ​ដាក់​តង្វាយ​នោះចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ប​ន្ទាប់​មក ត្រូវ​ជប់​លៀង​ដោយ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក ជាមួយ​ពួក​លេវី និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា‌មួយ​អ្នក។ កាល​ណា​អ្នក​បាន​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​របស់​អ្នក​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​បី គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិ‌ភោគ​ឆ្អែត​បរិបូរ នៅ​ក្នុង​ក្រុង​របស់​អ្នក ពេល​នោះ ត្រូវ​និយាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "ទូល‌បង្គំ​បាន​នាំ​យក​តង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូល‌បង្គំ​មក ហើយ​បាន​ចែក​ដល់​ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ​ហើយ។ ទូល‌បង្គំ​មិន​បាន​រំលង​បទ​បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ។ ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ក្នុង​កាល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​យក​ទៅ​ណា​នៅ​ពេល​ទូល​បង្គំមាន​សៅ​ហ្មង ឬ​យក​អ្វី​មួយ​ឲ្យ​ទៅ​គេ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ។ សូម​ព្រះ‌អង្គ​ទត​មក​ពី​ទីលំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល ជាប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ដី​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ខ្ញុំ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូចព្រះ‌អង្គ​បាន​ស្បថនឹង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​ហើយ"»។ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យអ្នក​ប្រតិ‌បត្តិ​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​នេះ។ ដូច្នេះ ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក​ចុះ។ នៅ​ថ្ងៃ​នេះ អ្នក​បាន​ប្រកាស​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ថា អ្នក​នឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​បញ្ញត្តិ ច្បាប់ និង​បទ​បញ្ជា​របស់​ព្រះ‌អង្គ ក៏​នឹង​ស្តាប់​បង្គាប់​តាម​ព្រះ​សូរ​សៀងរបស់​ព្រះ‌អង្គ​ទៀត​ផង។ ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក ព្រម​ទាំង​ប្រាប់​ឲ្យ​អ្នក​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​លើក​អ្នក​ឡើង​ជា​ខ្ពស់ ដោយ​មាន​កិត្ដិយស កេរ្តិ៍‌ឈ្មោះ ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើតមក ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជាប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​បានសន្យា​ស្រាប់»។

ចែក​រំលែក
អាន ទុតិយកថា 26

ទុតិយកថា 26:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ ចូរ​យក​ផល​ដំបូង​នៃ​ភោគ‌ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់​សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ។ អ្នក​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​នៅ​គ្រា​នោះ ជម្រាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង​ថា ប្រគល់​ឲ្យ​យើង​ខ្ញុំ​នេះ​ហើយ”។ បូជា‌ចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។ ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់‌សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ។ យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះអង្គ​ទត​ឃើញ​គេ​សង្កត់‌សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ ព្រះអង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។ ព្រះអង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។ ហេតុ​នេះ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​ផល​ដំបូង​ពី​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ”។ ត្រូវ​តម្កល់​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ បន្ទាប់​មក ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគ‌ផល​ទាំង​ប៉ុន្មាន​មក​ឲ្យ​អ្នក និង​គ្រួសារ​របស់​អ្នក»។ «នៅ​ឆ្នាំ​ទី​បី ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ‌ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។ ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះអង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ‌បញ្ជា​ទាំង​អស់ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ‌បញ្ជា​ណា​មួយ​របស់​ព្រះអង្គ​ឡើយ។ នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​ទូលបង្គំ។ បពិត្រ​ព្រះ‌អម្ចាស់ សូម​ទត​ពី​ស្ថាន​បរម‌សុខ ជា​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។ ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ គោរព​ច្បាប់ បទ‌បញ្ជា និង​វិន័យ​ទាំង‌ឡាយ​របស់​ព្រះអង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះអង្គ​ទៀត​ផង។ ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ សម្រាប់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក»។

ចែក​រំលែក
អាន ទុតិយកថា 26

ទុតិយកថា 26:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ឯង​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក រួច​បាន​តាំង​ទី​លំនៅ​ជា​ស្រេច​ហើយ នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចំការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ទៅ​ជំរាប​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​កញ្ជើ​ពី​ដៃ​ឯង ទៅ​ដាក់​នៅ​មុខ​អាសនា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ ពួក​សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក​ឲ្យ​ធ្វើ​ការ​មាន​ទំងន់​ណាស់​ផង នោះ​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ ហើយ​ទ្រង់​បាន​ឮ​សំរែក​យើង​ខ្ញុំ ក៏​ឃើញ​សេចក្ដី​ទុក្ខ​លំបាក នឹង​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់‌សង្កិន​ដល់​យើង​ខ្ញុំ​ផង នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ នឹង​ទី​សំគាល់ ហើយ​នឹង​ការ​អស្ចារ្យ​ផង ទ្រង់​ក៏​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ដល់​យើង​ខ្ញុំ​រាល់​គ្នា ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ មើល ទូលបង្គំ​បាន​នាំ​យក​ផល​ដំបូង​កើត​ពី​ដី ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូលបង្គំ​មក​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដាក់​របស់​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ហើយ​ត្រូវ​រីក‌រាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង នឹង​ពួក​លេវី ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង។ កាល​ណា​ឯង​បាន​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​របស់​ឯង​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​៣ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​១០​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ដល់​ពួក​លេវី នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា ហើយ​នឹង​ពួក​ស្រី​មេម៉ាយ​ផង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិភោគ​ចំអែត​គ្រប់‌គ្រាន់ នៅ​ក្នុង​ទី​ក្រុង​ឯង​ដែរ នោះ​ត្រូវ​ឲ្យ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ទូលបង្គំ​បាន​នាំ​យក​ដង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូលបង្គំ​មក ហើយ​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ​ផង តាម​បញ្ញត្ត​ដែល​ទ្រង់​បាន​បង្គាប់​មក​គ្រប់​ជំពូក​ហើយ ទូលបង្គំ​មិន​បាន​រំលង​បញ្ញត្ត​ទ្រង់​ណា​មួយ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ ទូលបង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សំរាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សំរាប់​ខ្មោច​ស្លាប់​ដែរ ទូលបង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​យើង​ខ្ញុំ​ហើយ។ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក​ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្ដី​សរសើរ នឹង​កេរ្តិ៍​ឈ្មោះ ហើយ​នឹង​សេចក្ដី​ថ្កុំ‌ថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ស្រាប់។

ចែក​រំលែក
អាន ទុតិយកថា 26