ចោទិយកថា 26
26
តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់
1«កាលណាអ្នកបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកជាមត៌ក រួចបានតាំងទីលំនៅក្នុងស្រុកនោះហើយ 2នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។ 3អ្នកត្រូវទៅជួបសង្ឃដែលបំពេញមុខងារនៅគ្រានោះ ហើយជម្រាបលោកថា "នៅថ្ងៃនេះ ខ្ញុំសូមប្រកាសចំពោះព្រះយេហូវ៉ា ជាព្រះរបស់លោកថា ខ្ញុំបានមកដល់ស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់យើងថា នឹងឲ្យមកយើងខ្ញុំហើយ"។ 4ពេលនោះ សង្ឃត្រូវយកកញ្ជើពីដៃរបស់អ្នក ទៅដាក់នៅមុខអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 5បន្ទាប់មក ត្រូវទូលនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "បុព្វបុរសរបស់ខ្ញុំ ជាសាសន៍អើរ៉ាម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះ លោកបានត្រឡប់ជាសាសន៍មួយយ៉ាងធំ ខ្លាំងពូកែ ហើយមានគ្នាជាច្រើន។ 6សាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុកឲ្យយើងខ្ញុំធ្វើការយ៉ាងធ្ងន់។ 7ពេលនោះ យើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ហើយព្រះអង្គបានឮសម្រែកយើងខ្ញុំ ក៏ឃើញទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង។ 8ព្រះយេហូវ៉ាបាននាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងធ្វើការយ៉ាងធំគួរស្ញែងខ្លាច ទីសម្គាល់ និងការអស្ចារ្យផ្សេងៗ។ 9ព្រះអង្គបាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំ។ 10ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល៍ ទូលបង្គំបាននាំយកផលដំបូងពីដីដែលព្រះអង្គបានប្រទានមកទូលបង្គំហើយ"។ ត្រូវដាក់តង្វាយនោះចុះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចក្រាបថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 11បន្ទាប់មក ត្រូវជប់លៀងដោយគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានដល់អ្នក និងគ្រួសាររបស់អ្នក ជាមួយពួកលេវី និងពួកអ្នកប្រទេសក្រៅដែលនៅជាមួយអ្នក។
12កាលណាអ្នកបានថ្វាយមួយភាគក្នុងដប់ ពីផលរបស់អ្នកទាំងប៉ុន្មាន នៅឆ្នាំទីបី គឺជាឆ្នាំដែលត្រូវថ្វាយមួយភាគក្នុងដប់នោះរួចហើយ នោះត្រូវចែកឲ្យពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគឆ្អែតបរិបូរ នៅក្នុងក្រុងរបស់អ្នក 13ពេលនោះ ត្រូវនិយាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "ទូលបង្គំបាននាំយកតង្វាយទាំងអស់ ចេញពីផ្ទះទូលបង្គំមក ហើយបានចែកដល់ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ តាមបទបញ្ជាទាំងប៉ុន្មានដែលព្រះអង្គបានបង្គាប់មកទូលបង្គំហើយ។ ទូលបង្គំមិនបានរំលងបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ ក៏មិនបានភ្លេចដែរ។ 14ទូលបង្គំមិនបានទទួលទានតង្វាយមួយភាគក្នុងដប់ ក្នុងកាលកំពុងកាន់ទុក្ខឡើយ ក៏មិនបានយកទៅណានៅពេលទូលបង្គំមានសៅហ្មង ឬយកអ្វីមួយឲ្យទៅគេពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ហើយបានធ្វើតាមអស់ទាំងសេចក្ដីដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។ 15សូមព្រះអង្គទតមកពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គនៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងដីដែលព្រះអង្គបានប្រទានមកយើងខ្ញុំ គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើងខ្ញុំហើយ"»។
ការរំឭកដាស់តឿនសង្ខេប
16«នៅថ្ងៃនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងបញ្ញត្តិទាំងនេះ។ ដូច្នេះ ត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នកចុះ។ 17នៅថ្ងៃនេះ អ្នកបានប្រកាសថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយថា អ្នកនឹងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមអស់ទាំងបញ្ញត្តិ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ក៏នឹងស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គទៀតផង។ 18ព្រះយេហូវ៉ាក៏បានប្រកាសនៅថ្ងៃនេះថា អ្នកជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គបានសន្យានឹងអ្នក ព្រមទាំងប្រាប់ឲ្យអ្នកកាន់តាមអស់ទាំងបទបញ្ជារបស់ព្រះអង្គ 19ហើយឲ្យបានលើកអ្នកឡើងជាខ្ពស់ ដោយមានកិត្ដិយស កេរ្តិ៍ឈ្មោះ ខ្ពស់លើសអស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើតមក ដើម្បីឲ្យអ្នកបានធ្វើជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដូចព្រះអង្គបានសន្យាស្រាប់»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies