ទុតិយកថា 23:19-25

ទុតិយកថា 23:19-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​ត្រូវ​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​ឡើយ។ អ្នកអាច​យក​ការ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​មិន​ត្រូវ​យក​ការ​ពី​បង​ប្អូន​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។ កាល​ណា​អ្នក​បន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​មិន​ត្រូវ​បង្អង់​នឹង​លា​បំណន់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​ពី​អ្នក​មិន​ខាន ហើយ​នឹង​រាប់​ជា​បាប​ដល់​អ្នក​ទៀត​ផង។ ប៉ុន្ដេ ប្រសិន‌បើ​អ្នក​មិន​ដែល​បន់​ទេ នោះមិន​រាប់​ជា​បាប​ដល់​អ្នក​ឡើយ។ សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​របស់​អ្នក នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​ចុះ គឺ​ឲ្យ​ត្រូវ​នឹង​បំណន់ ដែល​អ្នក​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​តង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​របស់​អ្នក​បាន​សន្យា។ ប្រសិន‌បើ​អ្នក​ចូល​ទៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង អ្នក​អាច​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​បរិ‌ភោគ​តាម​ចិត្ត មួយ​ចម្អែត​របស់​អ្នក ប៉ុន្តែ មិន​ត្រូវ​បេះ​ដាក់​ថង់​យក​ទៅ​ជា‌មួយ​ឡើយ។ ប្រសិន‌បើ​អ្នក​ដើរ​កាត់​ស្រូវ​ក្នុង​ស្រែ​របស់​អ្នក​ជិត​ខាង អ្នក​អាច​បូត​កួរ​ស្រូវ​ដោយ​ដៃ​បាន ប៉ុន្តែ មិន​ត្រូវ​យក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ​របស់​អ្នក​ជិត​ខាង​ឡើយ»។

ចែក​រំលែក
អាន ទុតិយកថា 23

ទុតិយកថា 23:19-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ប្រសិន​បើ​បងប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។ អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បងប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។ «ប្រសិន​បើ​អ្នក​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។ ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។ ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។ «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។ ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។

ចែក​រំលែក
អាន ទុតិយកថា 23

ទុតិយកថា 23:19-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​ត្រូវ​ឲ្យ​ឯង​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​វិញ​នោះ​ឡើយ ឯង​នឹង​ឲ្យ​អ្នក​ប្រទេស​ដទៃ​ខ្ចី​ដោយ​យក​ការ​បាន តែ​មិន​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​ខ្ចី​ដោយ​យក​ការ​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ដាក់​ដៃ​ធ្វើ នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ។ កាល​ណា​ឯង​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​នោះ​មិន​ត្រូវ​បង្អង់ នឹង​លា​បំណន់​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ទារ​ពី​ឯង​វិញ​ជា​មិន​ខាន យ៉ាង​នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង តែ​បើ​ឯង​មិន​ដែល​បន់​បំណន់​ទេ នោះ​គ្មាន​បាប​ឡើយ សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​ឯង នោះ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​តាម​គ្រប់​ជំពូក គឺ​ឲ្យ​ត្រូវ​នឹង​បំណន់​ដែល​ឯង​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​ឯង​បាន​សន្យា​ហើយ។ កាល​ណា​ឯង​ចូល​ទៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង​ណា នោះ​នឹង​បរិភោគ​ផល​ចំអែត​តាម​ចិត្ត​បាន ប៉ុន្តែ​មិន​ត្រូវ​បេះ​ដាក់​ក្នុង​កញ្ច្រែង​ឯង​ទេ កាល​ណា​ដើរ​កាត់​ស្រែ​ដែល​មាន​ស្រូវ​របស់​អ្នក​ជិត​ខាង​ឯង​ណា នោះ​នឹង​បូត​គួរ​ស្រូវ​ដោយ​ដៃ​បាន ប៉ុន្តែ មិន​ត្រូវ​យក​កណ្តៀវ​ទៅ​ច្រូត​ឡើយ។

ចែក​រំលែក
អាន ទុតិយកថា 23