ចោទិយ‌កថា 23

23
អ្នក​ដែល​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ
1«អ្នក​ណា​ដែល​ត្រូវ​បែក​ពង ឬ​ត្រូវ​គេ​កាត់​លិង្គ នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។
2កូន​ដែលកើត​ពី​សម្ព័ន្ធ​ភាពខុស​សីល‌ធម៌ មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ហើយ​សូម្បី​តែ​កូន​ចៅ​របស់​គេ​រហូត​ដល់ដប់​តំណ ក៏​មិន​អាចចូល​រួម​ក្នុង​អង្គ​ប្រជុំរបស់​ព្រះ‌យេហូវ៉ា​បាន​ដែរ។
3សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ សូម្បី​តែ​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត 4ព្រោះ​កាល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ និង​ទឹក​មក​ទទួល​អ្នក​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​មេសូ‌ប៉ូ‌តាមា ដើម្បី​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា។ 5ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ស្តាប់​តាម​បាឡាម​ទេ គឺ​ព្រះ‌អង្គ​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​ដល់​អ្នក​វិញ ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ស្រឡាញ់​អ្នក ។ 6ដូច្នេះ អ្នក​មិន​ត្រូវ​រក​សេចក្ដី​សុខ​ឲ្យ​គេ ឬ​សេចក្ដី​ចម្រុង​ចម្រើន​ឲ្យ​គេ​ឡើយ រហូត​អស់មួយ​ជីវិត​របស់​អ្នក។
7មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេដុម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​របស់​អ្នក ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេស៊ីព្ទ​ណា​មួយ​ដែរ ដ្បិត​ពី​ដើម អ្នក​ជា​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​គេ។ 8ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ អាច​ចូល​រួម​ក្នុងអង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន»។
ច្បាប់​ស្តី​អំពី​អនាម័យ ការ​ធ្វើ​ពិធី និង​មនុស្ស​ធម៌
9«ពេល​ណា​អ្នក​ទៅ​បោះ​ទ័ព​ទាស់​នឹង​ខ្មាំង‌សត្រូវ ត្រូវ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់។
10ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត ព្រោះ​តែ​ហេតុ​ភេទ​អ្វី​មួយ​កើត​នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ជំរំ​ទេ 11តែ​នៅ​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ ហើយ​នៅ​ពេល​ថ្ងៃ​លិច អ្នក​នោះ​អាច​ចូល​ទៅ​ក្នុង​ជំរំ​វិញ​បាន។
12ត្រូវ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​ដែល​អ្នក​អាច​ចេញ​ទៅ​បត់​ជើង។ 13ត្រូវ​មាន​ចប​ជីក​មួយ​នៅ​ជាប់​ជា‌មួយ​សស្ត្រា‌វុធ​របស់​អ្នក ហើយ​ពេល​ណា​អ្នក​ចេញ​ទៅ​បត់‌ជើង​នៅខាង​ក្រៅ ត្រូវ​ជីក​រណ្ដៅ​កប់​លាមក​របស់​អ្នក។ 14ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យាង​នៅ​កណ្ដាល​ជំរំ​របស់​អ្នក ដើម្បី​សង្គ្រោះ​អ្នក ហើយ​ប្រគល់​ខ្មាំង‌សត្រូវ​មកក្នុង​កណ្ដាប់​ដៃ​អ្នក។ ដូច្នេះ ជំរំ​របស់​អ្នក​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក​ក្នុង​ចំណោម​អ្នក ហើយ​បែរ​ចេញ​ពី​អ្នក។
15បាវ​បម្រើ​ណា​ដែល​បាន​រត់​ចេញ​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន មក​ជ្រក​កោន​ជា‌មួយ​អ្នក នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ចៅ‌ហ្វាយ​គេ​វិញ​ឡើយ។ 16ត្រូវ​បើក​ឲ្យ​គេ​នៅ​ជា​មួយអ្នក ក្នុង​ចំណោម​អ្នក ក្នុង​ក្រុង​ណា​មួយ​ដែល​គេ​ជ្រើស‌រើស តាម​ដែល​គេ​ពេញ​ចិត្ត​ចុះ មិន​ត្រូវ​សង្កត់‌សង្កិន​គេ​ឡើយ។
17មិន​ត្រូវ​ឲ្យ​មាន​ស្រី​ពេស្យា ណា​មួយ ក្នុង​ចំណោម​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ពេស្យា​ណា​មួយ នៅ​ក្នុង​ចំណោម​កូន​ប្រុស​សាសន៍​អ៊ីស្រា‌អែល​ដែរ។ 18មិន​ត្រូវ​យក​ថ្លៃ​ឈ្នួល​ពី​ការ​ធ្វើ​ស្រី​ពេស្យា ឬ​ប្រាក់​ឈ្នួល​ពី​ការ​ធ្វើ​ប្រុស​ពេស្យា មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​លា​បំណន់​អ្វី​មួយ​ឡើយ ដ្បិត​ទាំង​ពីរ​មុខ​នេះ ជា​ទី​ស្អប់​ខ្ពើមដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
19មិន​ត្រូវ​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​ឡើយ។ 20អ្នកអាច​យក​ការ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​មិន​ត្រូវ​យក​ការ​ពី​បង​ប្អូន​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។
21កាល​ណា​អ្នក​បន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​មិន​ត្រូវ​បង្អង់​នឹង​លា​បំណន់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​ពី​អ្នក​មិន​ខាន ហើយ​នឹង​រាប់​ជា​បាប​ដល់​អ្នក​ទៀត​ផង។ 22ប៉ុន្ដេ ប្រសិន‌បើ​អ្នក​មិន​ដែល​បន់​ទេ នោះមិន​រាប់​ជា​បាប​ដល់​អ្នក​ឡើយ។ 23សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​របស់​អ្នក នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​ចុះ គឺ​ឲ្យ​ត្រូវ​នឹង​បំណន់ ដែល​អ្នក​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​តង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​របស់​អ្នក​បាន​សន្យា។
24ប្រសិន‌បើ​អ្នក​ចូល​ទៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង អ្នក​អាច​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​បរិ‌ភោគ​តាម​ចិត្ត មួយ​ចម្អែត​របស់​អ្នក ប៉ុន្តែ មិន​ត្រូវ​បេះ​ដាក់​ថង់​យក​ទៅ​ជា‌មួយ​ឡើយ។
25ប្រសិន‌បើ​អ្នក​ដើរ​កាត់​ស្រូវ​ក្នុង​ស្រែ​របស់​អ្នក​ជិត​ខាង អ្នក​អាច​បូត​កួរ​ស្រូវ​ដោយ​ដៃ​បាន ប៉ុន្តែ មិន​ត្រូវ​យក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ​របស់​អ្នក​ជិត​ខាង​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល