ទុតិយកថា 13:1-5

ទុតិយកថា 13:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។ ត្រូ​វ​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​កោត‌ខ្លាច​ព្រះ‌អង្គ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ត្រូវ​ស្តាប់​តាម​សូរ​សៀង​របស់​ព្រះ‌អង្គ និង​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹងព្រះ‌អង្គ។ រី​ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ នឹង​ត្រូវ​សម្លាប់ចោល ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ អ្នក​នោះ​ចង់​តែ​ទាញ​អ្នក​រាល់​គ្នា​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ឲ្យ​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ទុតិយកថា 13

ទុតិយកថា 13:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​អ្វី​មួយ បើ​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។ ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោតខ្លាច​ព្រះអង្គ កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​គោរព​បម្រើ​ព្រះអង្គ និង​ស្រឡាញ់​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ។ រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុស‌បំផុល​ប្រជា‌ជន ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ទុតិយកថា 13

ទុតិយកថា 13:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង​នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្ត ហើយ​អ្នក​នោះ​ប្រាប់​ទី​សំគាល់ ឬ​ពី​ការ​អស្ចារ្យ​ណា រួច​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​ឯង​មិន​បាន​ស្គាល់​សោះ) នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​ដែល​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គ្រាន់​តែ​ល្បង​ឯង​មើល ឲ្យ​ដឹង​ជា​ឯង​រាល់​គ្នា​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ឬ​ទេ ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បំរើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។

ចែក​រំលែក
អាន ទុតិយកថា 13