ដានីយ៉ែល 9:3-19

ដានីយ៉ែល 9:3-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។ ខ្ញុំ​បាន​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា៖ «ឱព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។ យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ ប្រាប់​ស្តេច ពួក​នាម៉ឺន ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ព្រះ‌អង្គ តែ​ចំពោះ​យើង​ខ្ញុំវិញ ដូច​សព្វ​ថ្ងៃនេះ មាន​តែ​សេចក្ដី​អាម៉ាស់​មុខ គឺ​ទាំង​អ្នក​ស្រុក​យូដា អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ គឺ​នៅ​អស់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេទៅ ព្រោះ​តែ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​អាម៉ាស់​មុខ​ជា​របស់​យើង​ខ្ញុំ គឺ​របស់​ស្តេច​យើង​ខ្ញុំ ពួក​នាម៉ឺន និង​ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ ឯ​សេចក្ដី​មេត្តា‌ករុណា និងការ​អត់​ទោស នោះ​ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។ អ៊ីស្រា‌អែល​ទាំង​មូល​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​បាន​ងាក​បែរ មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា និង​សម្បថ​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​មេ​ដឹក​នាំ ដែលគ្រប់​គ្រង​យើង​ខ្ញុំ ដោយ​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ជា​ទុក្ខ​វេទនា​ដែល​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​ឡើយ។ សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល ហើយ​បាន​នាំ​អំពើ​អាក្រក់​នេះ​ទម្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ឡើយ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ ដូច​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់។ ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ​ដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​យើង​ខ្ញុំ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​អធិ‌ស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ផង ហើយ​ដោយ​យល់​ដល់​ព្រះ‌អង្គ សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​នៅ​ស្ងាត់​ច្រៀប​នេះ​ផង។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ហើយ​ប្រោស​មេត្តា​ផង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​ព្រះ​អង្គ ដ្បិត​ទី​ក្រុង​របស់​ព្រះ‌អង្គ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ឈ្មោះ​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ»។

ចែក​រំលែក
អាន ដានីយ៉ែល 9

ដានីយ៉ែល 9:3-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌ជា‌អម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះអង្គ​ថ្វាយ​ស្ដេច ប្រាប់​នាម៉ឺន បុព្វបុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។ បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះអង្គ​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជានិច្ច។ យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ងាក​ចេញ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះអង្គ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។ ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូល‌អង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។ ព្រះ‌អម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឡើយ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។ ឱ​ព្រះ‌អម្ចាស់​អើយ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ សូម​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទីសក្ការៈ​របស់​ព្រះអង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះអង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។

ចែក​រំលែក
អាន ដានីយ៉ែល 9

ដានីយ៉ែល 9:3-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម នឹង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅហ្វាយ ពួក​ឰយុកោ​របស់​យើង​ខ្ញុំ នឹង​បណ្តាជន​ក្នុង​ស្រុក ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅហ្វាយ នឹង​ពួក​ឰយុកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឯ​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ យើង​ខ្ញុំ​ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ដែល​ទ្រង់​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់​ដែរ អើ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​រំលង​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ហើយ ក៏​បែរ​ចេញ ដើម្បី​មិន​ឲ្យ​ត្រូវ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ សេចក្ដី​បណ្តាសា​នេះ​ត្រូវ​ចាក់​មក​លើ​យើង​ខ្ញុំ ព្រម​ទាំង​សេចក្ដី​សម្បថ​ដែល​បាន​កត់​ទុក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​សំរេច​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​ចៅ‌ក្រម ដែល​ជំនុំ‌ជំរះ​យើង​ខ្ញុំ ដោយ​បាន​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​កើត​មាន​ការ​អ្វី ដូច​ជា​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​នោះ​ឡើយ។ សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​មក​លើ​យើង​ខ្ញុំ​ដូច​ជា​បាន​ចែង​ទុក​មក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែយើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ឲ្យ​មាន​គំនិត​វាង‌វៃ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​វិញ​នោះ​ឡើយ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទំលាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ ហើយ​បាន​ល្បី​ព្រះ‌នាម​ខ្ចរ‌ខ្ចាយ ដូច​ជា​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ធ្វើ​បាប ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម នឹង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ​ទេ ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​តាម​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បំរើ​ទ្រង់ ហើយ​សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​នៅ​ស្ងាត់​ច្រៀប​ចុះ គឺ​ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទ្រង់​ទត​មើល​សេចក្ដី​ខូច​បង់​របស់​យើង​ខ្ញុំ នឹង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ នឹង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។

ចែក​រំលែក
អាន ដានីយ៉ែល 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ