ដានី‌យ៉ែល 9:3-19

ដានី‌យ៉ែល 9:3-19 គកស១៦

ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។ ខ្ញុំ​បាន​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា៖ «ឱព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។ យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ ប្រាប់​ស្តេច ពួក​នាម៉ឺន ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ព្រះ‌អង្គ តែ​ចំពោះ​យើង​ខ្ញុំវិញ ដូច​សព្វ​ថ្ងៃនេះ មាន​តែ​សេចក្ដី​អាម៉ាស់​មុខ គឺ​ទាំង​អ្នក​ស្រុក​យូដា អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ គឺ​នៅ​អស់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេទៅ ព្រោះ​តែ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​អាម៉ាស់​មុខ​ជា​របស់​យើង​ខ្ញុំ គឺ​របស់​ស្តេច​យើង​ខ្ញុំ ពួក​នាម៉ឺន និង​ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ ឯ​សេចក្ដី​មេត្តា‌ករុណា និងការ​អត់​ទោស នោះ​ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។ អ៊ីស្រា‌អែល​ទាំង​មូល​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​បាន​ងាក​បែរ មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា និង​សម្បថ​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​មេ​ដឹក​នាំ ដែលគ្រប់​គ្រង​យើង​ខ្ញុំ ដោយ​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ជា​ទុក្ខ​វេទនា​ដែល​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​ឡើយ។ សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល ហើយ​បាន​នាំ​អំពើ​អាក្រក់​នេះ​ទម្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ឡើយ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ ដូច​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់។ ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ​ដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​យើង​ខ្ញុំ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​អធិ‌ស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ផង ហើយ​ដោយ​យល់​ដល់​ព្រះ‌អង្គ សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​នៅ​ស្ងាត់​ច្រៀប​នេះ​ផង។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ហើយ​ប្រោស​មេត្តា​ផង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​ព្រះ​អង្គ ដ្បិត​ទី​ក្រុង​របស់​ព្រះ‌អង្គ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ឈ្មោះ​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ»។

អាន ដានី‌យ៉ែល 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានី‌យ៉ែល 9:3-19