ដានីយ៉ែល 8:10-27
ដានីយ៉ែល 8:10-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្នែងនោះលូតឡើងខ្ពស់ ស្មើនឹងពួកពលបរិវារនៃស្ថានសួគ៌ ហើយវាក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចវាជាន់ឈ្លី។ វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។ ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នាជាមួយការថ្វាយតង្វាយដុតប្រចាំថ្ងៃ ព្រោះតែអំពើរំលង វាបោះសេចក្ដីពិតចុះដល់ដី ហើយអ្វីៗដែលវាធ្វើក៏ចេះតែចម្រើនឡើង។ ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។ អ្នកនោះឆ្លើយទៅគាត់ ថា៖ «គឺអស់រយៈពេលពីរពាន់បីរយដង គិតទាំងល្ងាច ទាំងព្រឹក។ បន្ទាប់មក ទើបរៀបចំទីបរិសុទ្ធឲ្យបានស្អាតឡើងវិញ»។ កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះហើយ ខ្ញុំក៏រិះគិតចង់យល់អត្ថន័យ ហើយមើល៍ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្ស ឈរនៅមុខខ្ញុំ ហើយខ្ញុំឮសំឡេងមនុស្សចេញពីកណ្ដាលទន្លេអ៊ូឡាយ ហើយសំឡេងនោះហៅមកថា៖ «កាព្រីយ៉ែលអើយ ចូរប្រាប់ឲ្យមនុស្សនេះយល់និមិត្តនេះចុះ»។ ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ហើយពេលលោកចូលមកដល់ ខ្ញុំក៏ភ័យញ័រ រួចក្រាបចុះមុខដល់ដី។ ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតនិមិត្តនេះសម្រាប់គ្រាចុងបំផុត»។ កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។ លោកពោលថា៖ «មើល៍ ខ្ញុំនឹងឲ្យលោកដឹងពីហេតុការណ៍ដែលត្រូវកើតមានក្នុងគ្រានៃសេចក្ដីក្រោធ ដ្បិតនិមិត្តនេះសំដៅទៅគ្រាចុងក្រោយ។ ឯចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញ គឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី។ ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។ ចំណែកឯស្នែងដែលបាក់ ហើយមានស្នែងបួនដុះឡើងជំនួស គឺជានគរបួនដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមានអំណាចដូចស្តេចមុនទេ។ នៅចុងរជ្ជកាលនៃរាជ្យស្ដេចទាំងនោះ កាលពួកអ្នកប្រព្រឹត្តរំលង បានឈានដល់កម្រិតរបស់ខ្លួនហើយ នោះស្តេចមួយអង្គទៀត ដែលមានទឹកមុខមាំក៏ងើបឡើង ជាអ្នកដែលយល់ពាក្យប្រស្នា។ ស្តេចនោះនឹងមានអំណាចកាន់តែខ្លាំង តែមិនមែនដោយអំណាចរបស់ខ្លួនទេ ស្ដេចនោះនឹងបំផ្លាញអ្វីៗគួរឲ្យខ្លាច ហើយអ្វីដែលស្ដេចនោះធ្វើសុទ្ធតែមានជោគជ័យ ស្ដេចនោះបំផ្លាញមនុស្សខ្លាំងពូកែ និងប្រជាជនដែលជាពួកបរិសុទ្ធ។ ដោយសារភាពប៉ិនប្រសប់របស់ខ្លួន ស្ដេចនឹងចម្រើនឡើងតាមរបៀបបោកបញ្ឆោត ស្ដេចនឹងមានចិត្តលើកតម្កើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏ស្ដេចនោះហ៊ានងើបប្រឆាំងដែរ តែស្ដេចនឹងត្រូវបែកបាក់ មិនមែនដោយសារដៃមនុស្សឡើយ។ និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។ ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
ដានីយ៉ែល 8:10-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។ ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនឲ្យថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។ កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។ ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។ គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានថ្វាយយញ្ញបូជាពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។ នៅពេលដែលខ្ញុំ ដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «កាព្រីយ៉ែលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។ លោកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី។ លោកពោលមកខ្ញុំថា៖ «បុត្រមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សម្តែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។ ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែឱនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។ បន្ទាប់មក លោកពោលថា៖ «ខ្ញុំនឹងជម្រាបឲ្យលោកជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាដែលព្រះជាម្ចាស់វិនិច្ឆ័យទោស ដ្បិតព្រះអង្គបានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។ ចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។ រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។ ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កម្រិត នឹងមានស្ដេចមួយអង្គទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។ អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសម្រេច ស្ដេចនឹងកម្ទេចពួកមានអំណាចខ្លាំងពូកែ ហើយកម្ទេចប្រជាជនដ៏វិសុទ្ធទៀតផង។ ពេលបានចម្រុងចម្រើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្ដេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែព្រះមហាក្សត្រលើក្សត្រទាំងអស់ ក៏ស្ដេចហ៊ានប្រឆាំងដែរ តែស្ដេចនោះនឹងត្រូវរលំ ដោយគ្មាននរណាផ្ដួលឡើយ។ រីឯកំណត់ពេលព្រឹក និងល្ងាច ដែលលោកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមលោកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។ ខ្ញុំ ដានីយ៉ែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារថ្វាយព្រះរាជាតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
ដានីយ៉ែល 8:10-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ នឹងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច នឹងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។ កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹង ពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្ដីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី នឹងស្តេចសាសន៍ពើស៊ី ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ នឹងពួកបរិសុទ្ធបង់ ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកដំកើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ ឯការជាក់ស្តែងពីព្រឹកនឹងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសំរាប់ពេលទៅមុខជាយូរលង់ នោះខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្តេចវិញ ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ ប៉ុន្តែគ្មានអ្នកណាយល់សោះ។