ដានី‌យ៉ែល 8:10-27

ដានី‌យ៉ែល 8:10-27 គកស១៦

ស្នែង​នោះ​លូត​ឡើង​ខ្ពស់ ស្មើ​នឹង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌ ហើយ​វា​ក៏​ទម្លាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​វា​ជាន់​ឈ្លី។ វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។ ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​ជា‌មួយ​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ ព្រោះ​តែ​អំពើ​រំលង វា​បោះ​សេចក្ដី​ពិត​ចុះ​ដល់​ដី ហើយ​អ្វី​ៗ​ដែល​វា​ធ្វើ​ក៏​ចេះ​តែ​ចម្រើន​ឡើង។ ពេល​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​ម្នាក់​ទៀត សួរ​ទៅ​អ្នក​ដែល​និយាយ​នោះ​ថា៖ «តើ​និមិត្ត​អំពី​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច‌បង់ ការ​ប្រគល់​ទី​បរិសុទ្ធ និង​ពួក​ពល​បរិវារ​ឲ្យ​ស្នែង​នោះ​ជាន់​ឈ្លី នៅ​រហូត​ដល់​ពេល​ណា?»។ អ្នក​នោះ​ឆ្លើយ​ទៅ​គាត់ ថា៖ «គឺ​អស់​រយៈ​ពេល​ពីរ​ពាន់​បី​រយ​ដង គិត​ទាំង​ល្ងាច ទាំង​ព្រឹក។ បន្ទាប់​មក ទើប​រៀប​ចំ​ទី​បរិសុទ្ធ​ឲ្យ​បាន​ស្អាត​ឡើង​វិញ»។ កាល​ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នោះ​ហើយ ខ្ញុំ​ក៏​រិះ​គិត​ចង់​យល់​អត្ថ​ន័យ ហើយ​មើល៍ មាន​ម្នាក់​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​ឮ​សំឡេង​មនុស្ស​ចេញ​ពី​កណ្ដាល​ទន្លេ​អ៊ូឡាយ ហើយ​សំឡេង​នោះ​ហៅ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ប្រាប់​ឲ្យ​មនុស្ស​នេះ​យល់​និមិត្ត​នេះ​ចុះ»។ ដូច្នេះ លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ហើយ​ពេល​លោក​ចូល​មក​ដល់ ខ្ញុំក៏​ភ័យ​ញ័រ រួច​ក្រាប​ចុះ​មុខ​ដល់​ដី។ ប៉ុន្ដែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យល់​ចុះ ដ្បិត​និមិត្ត​នេះ​សម្រាប់​គ្រា​ចុង​បំផុត»។ កាល​លោក​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី ទាំង​ក្រាប​ចុះ​មុខ​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង។ លោក​ពោល​ថា៖ «មើល៍ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ ដ្បិត​និមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ចុង​ក្រោយ។ ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី។ ពពែ​ឈ្មោល​ដែល​មាន​រោម​ស្រមូវ គឺ​ស្តេច​សាសន៍​ក្រិក ហើយ​ស្នែង​មួយ​ធំ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ គឺ​ស្តេច​ទីមួយ។ ចំណែកឯ​ស្នែង​ដែល​បាក់ ហើយ​មាន​ស្នែង​បួន​ដុះ​ឡើង​ជំនួស គឺ​ជា​នគរ​បួន​ដែល​នឹង​កើត​ឡើងពី​សាសន៍​នោះ តែ​មិន​មាន​អំណាច​ដូច​ស្តេច​មុន​ទេ។ នៅ​ចុងរជ្ជកាល​នៃ​រាជ្យ​ស្ដេច​ទាំង​នោះ កាល​ពួក​អ្នក​ប្រព្រឹត្ត​រំលង បាន​ឈាន​ដល់​កម្រិត​របស់​ខ្លួន​ហើយ នោះ​ស្តេច​មួយ​អង្គ​ទៀត ដែល​មាន​ទឹក​មុខ​មាំ​ក៏​ងើប​ឡើង ជា​អ្នក​ដែល​យល់​ពាក្យ​ប្រស្នា។ ស្តេច​នោះ​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ ស្ដេច​នោះ​នឹង​បំផ្លាញ​អ្វីៗ​គួរ​ឲ្យ​ខ្លាច ហើយអ្វី​ដែល​ស្ដេច​នោះ​ធ្វើ​សុទ្ធ​តែ​មាន​ជោគ​ជ័យ ស្ដេច​នោះ​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ និង​ប្រជាជន​ដែល​ជា​ពួក​បរិសុទ្ធ។ ដោយសារ​ភាព​ប៉ិន​ប្រសប់​របស់​ខ្លួន ស្ដេច​នឹង​ចម្រើនឡើង​តាម​របៀប​បោក​បញ្ឆោត ស្ដេច​នឹង​មាន​ចិត្ត​លើក​តម្កើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ក៏​ស្ដេច​នោះ​ហ៊ាន​ងើប​ប្រឆាំង​ដែរ តែ​ស្ដេច​នឹង​ត្រូវ​បែក​បាក់ មិន​មែន​ដោយ​សារ​ដៃ​មនុស្ស​ឡើយ។ និមិត្ត​អំ​ពី​ល្ងាច និង​ព្រឹក​ដែល​បាន​ប្រាប់​មក​នោះពិត​ប្រាកដ​មែន តែ​ឥឡូវ​នេះ ត្រូវ​បិទ​និមិត្ត​នេះ​ទុក​សិន ដ្បិត​គឺ​សម្រាប់​ពេល​ដ៏​យូរ​លង់​នៅខាង​មុខ»។ ដូច្នេះ ខ្ញុំ​ដានី‌យ៉ែល ក៏​ខ្សោះ​ល្វើយ ហើយ​ឈឺ​អស់​បួន​ដប់​ថ្ងៃ រួច​ខ្ញុំ​ក្រោក​ឡើង​ទៅ​បំពេញកិច្ច​ការ​របស់​ស្តេច​វិញ តែ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង​ដោយ​សារ​និមិត្ត​នោះ ហើយ​គ្មាន​អ្នក​ណា​អាច​យល់​បាន។

អាន ដានី‌យ៉ែល 8