ដានីយ៉ែល 7:8-13

ដានីយ៉ែល 7:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​ពិចា‌រណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​កណ្ដាល នៅ​ពី​មុខ​វា ស្នែង​ចាស់​បី​ត្រូវ​គេ​ដក​ចេញ​ទាំង​ឫស ស្នែង​នេះ​មាន​ភ្នែក ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ដែល​ពោល​ពាក្យធំៗ។ កាល​ខ្ញុំ​គន់​មើល ឃើញ​គេ​យក​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌ពស្ត្រ​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេសា​នៅ​ព្រះ‌សិរ​ព្រះ‌អង្គ ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ជា​ភ្លើង​ដែល​កំពុង​ឆេះ។ មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។ ពេល​នោះ ខ្ញុំ​គន់​មើល ព្រោះ​មាន​សំឡេង​របស់​ស្នែង ដែល​ពោល​ពាក្យ​យ៉ាង​ធំ។ ពេល​ខ្ញុំ​មើល​ទៅ ឃើញ​គេ​សម្លាប់​សត្វ​នោះ ហើយ​គេ​បំផ្លាញ​ខ្មោច​វា រួច​បោះ​ចោល​ឲ្យ​ភ្លើង​ឆេះ។ ចំណែក​សត្វ​ឯ​ទៀត​ៗ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​គេ​ដក​ចេញ តែ​គេ​ឲ្យ​វា​មាន​ជីវិត​មួយ​រយៈ​ពេល​ទៅ​មុខ​ទៀត។ ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ មាន​ម្នាក់​ដូច​កូន​មនុស្ស យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។ «ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះអង្គ​ស​ដូច​សំឡី ។ បល្ល័ង្ក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។ រីឯ​សត្វ​ឯ​ទៀតៗ​ក៏​បាត់​បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បាន​ពិចារណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​១​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​ជា​កណ្តាល នៅ​មុខ​វា​ស្នែង​ចាស់​៣​ត្រូវ​ដក​ចេញ​ទាំង​ឫស ហើយ​ឃើញ​ថា ស្នែង​១​នោះ​មាន​ភ្នែក ដូច​ជា​ភ្នែក​នៃ​មនុស្ស ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ។ ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង រីឯ​សត្វ​ឯ​ទៀត​ទាំង​នោះ អំណាច​គ្រប់‌គ្រង​របស់​វា​ត្រូវ​ដក​ចេញ តែ​ជីវិត​វា​បាន​នៅ​ត​ទៅ​អស់​១​ពេល​ដល់​កំណត់។ ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ

ចែក​រំលែក
អាន ដានីយ៉ែល 7