ដានីយ៉ែល 7:14-21

ដានីយ៉ែល 7:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។ ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​និមិត្ត​ក្នុង​គំនិត​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​តក់​ស្លុត។ ខ្ញុំ​ចូល​ទៅ​ជិត​ម្នាក់ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ទី​នោះ ហើយ​សួរ​អត្ថ​ន័យ​ពិត​អំពី​ហេតុ‌ការណ៍​ទាំង​នោះ។ ដូច្នេះ អ្នក​នោះ​ក៏​ប្រាប់​ខ្ញុំ ហើយ​ទម្លាយ​ឲ្យ​ខ្ញុំ​ដឹង​ពី​ន័យ​កាត់​ស្រាយ​នោះ​ថា ឯ​សត្វ​ធំ​ទាំង​បួន​នោះ គឺ​ជា​ស្តេច​បួន​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែន‌ដី។ ប៉ុន្ដែ ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ទទួល​រាជ្យ​នោះ ហើយ​បាន​រាជ្យ​នោះ​ជា​របស់​ខ្លួន​អស់​កល្ប​ជានិច្ច គឺ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។ ពេល​នោះ ខ្ញុំ​ចង់​ដឹង​ន័យ​ពិត​អំពី​សត្វ​ទីបួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀត​ទាំង​អស់ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង ក៏​ចង់​ដឹង​អំពី​ដំណើរ​ស្នែង​ដប់​នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង ហើយ​ធ្វើ​ឲ្យ​ស្នែង​បី​មុន​ដួល​នៅ​មុខ​វា ជា​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​ពោល​ពាក្យ​ធំៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ច្បាំង​នឹង​ពួក​បរិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួកគេ

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។» ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។ ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ដូច​ត​ទៅ: សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។ បន្ទាប់​មក ប្រជា‌ជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។ ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។ ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជា‌ជន​ដ៏វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង នឹង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តាជន​ទាំង‌ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។ ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី តែ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត គេ​នឹង​ទទួល​រាជ្យ ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​នៅ​ជានិច្ច គឺ​អស់‌កល្ប​ត​ទៅ នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក នឹង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង ក៏​ចង់​ដឹង​ពី​ដំណើរ​ស្នែង​១០ នៅ​លើ​ក្បាល​វា នឹង​ពី​ស្នែង​១​នោះ​ដែល​ដុះ​ឡើង​ជា​ខាង​ក្រោយ ហើយ​មាន​ស្នែង​៣​មុន​ដួល​នៅ​មុខ​វា គឺ​ជា​ស្នែង​១​នោះ​ដែល​មាន​ភ្នែក នឹង​មាត់​ពោល​យ៉ាង​ធំ ហើយ​ឫកពា​ក៏​មាំ​ជាង​ស្នែង​ឯ​ទៀត ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ឯង បាន​ច្បាំង​នឹង​ពួក​បរិសុទ្ធ​ហើយ​ក៏​ឈ្នះ​ផង

ចែក​រំលែក
អាន ដានីយ៉ែល 7