ដានីយ៉ែល 6:13-23

ដានីយ៉ែល 6:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។ ពេល​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​លើក​គ្នា​មក​ទូល​ស្តេច​ថា៖ «បពិត​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា ឬ​បំរាម​ណា​ដែល​ស្តេច​ចេញ​ហើយ នោះមិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ»។ ពេល​នោះ ស្ដេច​ក៏​ចេញ​បញ្ជា ហើយ​គេ​នាំ​ដានី‌យ៉ែល​យក​ទៅ​បោះ​ក្នុង​រូង​សិង្ហ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​សង្គ្រោះ​លោក​មិន​ខាន!» គេ​ក៏​យក​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ស្ដេច​ក៏​ប្រថាប់​ត្រា​ព្រះ‌ទម្រង់ និង​ចិញ្ចៀន​ត្រា​របស់​ពួក​សេនា‌បតី​ស្ដេច ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ។ បន្ទាប់​មក ស្ដេច​យាង​ទៅ​ឯ​‌រាជ​វាំង​វិញ ឥត​សោយ​អ្វី​នៅ​យប់​នោះឡើយ ក៏​មិន​មាន​តន្ត្រី​ប្រគំ​ថ្វាយ​ដែរ ស្ដេច​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។ លុះ​ព្រលឹម​ស្រាង ស្ដេច​ក៏​តើន​ឡើង ហើយ​ប្រញាប់​ប្រញាល់​យាង​ទៅ​ឯ​រូង​សិង្ហ។ កាល​ស្ដេច​យាង​ចូល​ទៅ​ជិត​រូង ទ្រង់​ក៏​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌អង្គ​អាច​សង្គ្រោះ​លោក​ឲ្យ​រួច​ពី​ពួក​សិង្ហ​បាន​ឬ​ទេ?» ពេល​នោះ ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! ព្រះ​របស់​ទូល‌បង្គំ​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​បិទ​មាត់​សិង្ហ មិន​ឲ្យ​វាធ្វើ​បាប​ទូល‌បង្គំ​ទេ ព្រោះ​នៅ​ចំពោះ​ព្រះ‌អង្គ មិន​ឃើញ​ថា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ព្រះ​ករុណា ក៏​ទូល‌បង្គំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ»។ ពេល​នោះ ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​បញ្ជា​ឲ្យ​គេ​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង។ ដូច្នេះ គេ​ក៏​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង ហើយ​មិន​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ព្រោះ​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ​របស់​លោក។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។ ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា‌ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។ ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​លោក​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះអង្គ​ដោយ​ចិត្ត​ព្យាយាម»។ គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា‌ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានី‌យ៉ែល​បាន​ឡើយ។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។ ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។ លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។ ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច ខណៈ​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​មូល​គ្នា​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​នៃ​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី ច្បាប់​ណា​ឬ​បំរាម​ណា ដែល​ស្តេច​បាន​តាំង​ទុក​ហើយ នោះ​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ។ ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។ ស្តេច​ទ្រង់​តើន​ឡើង​ពី​ព្រលឹម​ស្រាង យាង​ទៅ​ឯ​រូង​សិង្ហ​ជា​ប្រញាប់ កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ នោះ​ដានី‌យ៉ែល លោក​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ចុះ ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូលបង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូលបង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ទ្រង់ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ក៏​ចេញ​បង្គាប់​ឲ្យ​យោង​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក គេ​ក៏​យោង​យក​ដានី‌យ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក។

ចែក​រំលែក
អាន ដានីយ៉ែល 6