ដានី‌យ៉ែល 6:13-23

ដានី‌យ៉ែល 6:13-23 គកស១៦

ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។ ពេល​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​លើក​គ្នា​មក​ទូល​ស្តេច​ថា៖ «បពិត​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា ឬ​បំរាម​ណា​ដែល​ស្តេច​ចេញ​ហើយ នោះមិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ»។ ពេល​នោះ ស្ដេច​ក៏​ចេញ​បញ្ជា ហើយ​គេ​នាំ​ដានី‌យ៉ែល​យក​ទៅ​បោះ​ក្នុង​រូង​សិង្ហ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​សង្គ្រោះ​លោក​មិន​ខាន!» គេ​ក៏​យក​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ស្ដេច​ក៏​ប្រថាប់​ត្រា​ព្រះ‌ទម្រង់ និង​ចិញ្ចៀន​ត្រា​របស់​ពួក​សេនា‌បតី​ស្ដេច ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ។ បន្ទាប់​មក ស្ដេច​យាង​ទៅ​ឯ​‌រាជ​វាំង​វិញ ឥត​សោយ​អ្វី​នៅ​យប់​នោះឡើយ ក៏​មិន​មាន​តន្ត្រី​ប្រគំ​ថ្វាយ​ដែរ ស្ដេច​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។ លុះ​ព្រលឹម​ស្រាង ស្ដេច​ក៏​តើន​ឡើង ហើយ​ប្រញាប់​ប្រញាល់​យាង​ទៅ​ឯ​រូង​សិង្ហ។ កាល​ស្ដេច​យាង​ចូល​ទៅ​ជិត​រូង ទ្រង់​ក៏​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌អង្គ​អាច​សង្គ្រោះ​លោក​ឲ្យ​រួច​ពី​ពួក​សិង្ហ​បាន​ឬ​ទេ?» ពេល​នោះ ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! ព្រះ​របស់​ទូល‌បង្គំ​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​បិទ​មាត់​សិង្ហ មិន​ឲ្យ​វាធ្វើ​បាប​ទូល‌បង្គំ​ទេ ព្រោះ​នៅ​ចំពោះ​ព្រះ‌អង្គ មិន​ឃើញ​ថា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ព្រះ​ករុណា ក៏​ទូល‌បង្គំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ»។ ពេល​នោះ ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​បញ្ជា​ឲ្យ​គេ​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង។ ដូច្នេះ គេ​ក៏​យោង​ដានី‌យ៉ែល​ចេញ​ពី​រូង ហើយ​មិន​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ព្រោះ​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ​របស់​លោក។

អាន ដានី‌យ៉ែល 6