ដានីយ៉ែល 5:13-31
ដានីយ៉ែល 5:13-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេក៏នាំដានីយ៉ែលចូលមកចំពោះស្តេច ហើយស្ដេចមានរាជឱង្ការទៅកាន់ដានីយ៉ែលថា៖ «តើលោកឈ្មោះដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយសាសន៍យូដា ដែលព្រះរាជា ជាព្រះបិតារបស់យើង បាននាំពីស្រុកយូដាមកនោះមែនឬ? យើងបានឮគេនិយាយពីលោកថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន ហើយថា មានពន្លឺ យោបល់ និងប្រាជ្ញាដ៏វិសេសនៅក្នុងខ្លួន។ គេបាននាំពួកអ្នកប្រាជ្ញ ពួកគ្រូអង្គុយធម៌ចូលមកចំពោះយើង ដើម្បីអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើង តែគេមិនអាចកាត់ស្រាយអត្ថន័យបានឡើយ។ ប៉ុន្តែ យើងបានឮថា លោកអាចកាត់ស្រាយ ហើយដោះស្រាយបញ្ហាស្មុគស្មាញបាន។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើងបាន លោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។ ពេលនោះ ដានីយ៉ែលទូលតបនៅចំពោះស្តេចថា៖ «សូមទុកអំណោយរបស់ព្រះករុណា ហើយសូមប្រទានរង្វាន់របស់ព្រះករុណាសម្រាប់អ្នកដទៃវិញចុះ តែឯទូលបង្គំវិញ ទូលបង្គំនឹងអានអក្សរនេះថ្វាយព្រះករុណា ហើយក៏កាត់ស្រាយថ្វាយព្រះករុណាដែរ។ បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យសម្បត្តិ ភាពឧត្ដុងឧត្ដម សិរីល្អ និងតេជានុភាពដល់ព្រះបាទនេប៊ូក្នេសា ជាបិតារបស់ព្រះករុណា។ ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។ ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។ ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។ បពិត្រព្រះករុណាបេលសាសារ ជាព្រះរាជបុត្រ ទោះបើទ្រង់ជ្រាបហេតុការណ៍ទាំងនោះហើយក្ដី ក៏ព្រះហឫទ័យរបស់ព្រះករុណាមិនបានបន្ទាបដែរ ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។ ហេតុនេះហើយបានជាមានដៃដែលព្រះចាត់ឲ្យមក ហើយសរសេរអក្សរនេះ។ ពាក្យដែលបានសរសេរនោះគឺ "មេនេ មេនេ ទេកិល អ៊ូផារស៊ីន"។ នេះជាសេចក្ដីកាត់ស្រាយនៃពាក្យទាំងនោះ "មេនេ" ប្រែថា ព្រះបានរាប់ថ្ងៃនៃ រាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ "ទេកិល" ប្រែថា ព្រះបានថ្លឹងព្រះករុណាលើជញ្ជីង ហើយឃើញថានៅខ្វះ។ "ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។ ពេលនោះ ព្រះបាទបេលសាសារក៏ចេញបញ្ជា ឲ្យគេបំពាក់សំពត់ពណ៌ស្វាយ និងខ្សែមាសនៅក ឲ្យដានីយ៉ែល រួចប្រកាសប្រាប់ពីដំណើរលោកថា លោកបានទទួលឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរ។ នៅយប់នោះឯង ព្រះបាទបេលសាសារ ជាស្តេចសាសន៍ខាល់ដេ ក៏ត្រូវគេធ្វើគុត ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។
ដានីយ៉ែល 5:13-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេអញ្ជើញលោកដានីយ៉ែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីយ៉ែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ យើងក៏បានឮគេនិយាយទៀតថា លោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឲ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបី នៅក្នុងរាជាណាចក្រនេះផង»។ ពេលនោះ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអាន អក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។ ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ទ្រង់ក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។ គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។ បពិត្រព្រះករុណាបេលសាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ទ្រង់ពុំបានបន្ទាបខ្លួនដែរ ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ម្រាមដៃឲ្យមកសរសេរអក្សរនេះ គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។ ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថាព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ “តេកែល” (ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទតឃើញថា ស្រាលពេក។ “ពេរេស” (ប្រែថាចែក) មានន័យថា ព្រះជាម្ចាស់នឹងចែករាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកឲ្យជនជាតិមេឌី និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។ ពេលនោះ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យលោកដានីយ៉ែលភ្លាម ព្រមទាំងចេញរាជប្រកាសថា លោកនឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។ នៅយប់នោះ ព្រះចៅបេលសាសារជាស្ដេចរបស់ជនជាតិខាល់ដេបានត្រូវគេធ្វើគុត។ ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។
ដានីយ៉ែល 5:13-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ នឹងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក រីឯពួកអ្នកប្រាជ្ញ នឹងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ ប៉ុន្តែចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្ដី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្ដីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។ នោះដានីយ៉ែល លោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ នឹងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់ បណ្តាជនទាំងឡាយ នឹងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ តែកាលព្រះទ័យទ្រង់បានប៉ោងឡើង ត្រឡប់ជារឹងត្អឹងដល់ម៉្លេះបានជាទ្រង់ប្រព្រឹត្ត ដោយសេចក្ដីអំនួត នោះទ្រង់ត្រូវទំលាក់ចុះពីបល្ល័ង្ករាជ្យរបស់ទ្រង់ ហើយគេក៏ដកកិត្តិយសរបស់ទ្រង់ចេញ ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ យ៉ាងនោះបានជាចាត់ប្រើចំណែកដៃនេះពីចំពោះព្រះមក ហើយមានកត់អក្សរនេះទុកនៅ ឯពាក្យដែលបានសរសេរនោះ គឺថា «មេនេ មេនេ ទេកិល អ៊ូផារស៊ីន» ហើយនេះជាសេចក្ដីបកប្រែនៃពាក្យទាំងនោះ «មេនេ» ប្រែថា ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ «ទេកិល» ប្រែថា ទ្រង់បានត្រូវថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត ឯ «ពេរេស» នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ។ នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ នៅយប់នោះឯងបេលសាសារ ជាស្តេចសាសន៍ខាល់ដេទ្រង់ត្រូវគេធ្វើគុត ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។