ដានី‌យ៉ែល 5:13-31

ដានី‌យ៉ែល 5:13-31 គកស១៦

ពេល​នោះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មកចំពោះ​ស្តេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ដានី‌យ៉ែល​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​សាសន៍​យូដា ដែលព្រះ​រាជា ជាព្រះ​បិតា​របស់​យើង បាន​‌នាំ​ពី​ស្រុក​យូដា​មក​នោះ​មែន​ឬ? យើង​បាន​ឮ​គេ​និយាយ​ពី​លោក​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន ហើយ​ថា មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ដ៏​វិសេស​នៅ​ក្នុង​ខ្លួន។ គេ​បាននាំ​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អង្គុយ​ធម៌​ចូល​មក​ចំពោះ​យើង ដើម្បី​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថ​ន័យ​ប្រាប់​យើង តែ​គេ​មិន​អាច​កាត់​ស្រាយ​អត្ថន័យ​បានឡើយ។ ប៉ុន្តែ យើង​បាន​ឮ​ថា លោក​អាច​កាត់​ស្រាយ ហើយ​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន។ ឥឡូវ​នេះ ប្រសិន‌បើ​លោក​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។ ពេល​នោះ ដានី‌យ៉ែល​ទូល​តប​នៅ​ចំពោះ​ស្តេច​ថា៖ «សូម​ទុក​អំណោយ‌របស់​ព្រះ‌ករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់​ព្រះ​ករុណា​សម្រាប់​អ្នក​ដទៃ​វិញ​ចុះ តែ​ឯ​ទូល‌បង្គំ​វិញ ទូល​បង្គំ​នឹង​អាន​អក្សរ​នេះថ្វាយ​ព្រះ‌ករុណា ហើយ​ក៏​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ដែរ។ បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។ ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។ ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។ ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។ បពិត្រ​ព្រះ​ករុណា​បេល‌សាសារ ជា​ព្រះ‌រាជបុត្រ ទោះ​បើ​ទ្រង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ​ក្ដី ក៏ព្រះ​ហឫទ័យ​របស់​ព្រះ​ករុណា​មិន​បាន​បន្ទាប​ដែរ ព្រះ‌ករុណា​បាន​តម្កើង​អង្គ​ទ្រង់ ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌។ ព្រះ​ករុណា​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​របស់​ព្រះ‌វិហារ​របស់​ព្រះ​អង្គ​មក​ចំពោះ​ព្រះ​ករុណា ហើយ​ព្រះ​ករុណា និង​ពួក​សេនាបតី ពួក​មហេសី និង​ពួក​ស្ដ្រី​អ្នក​ម្នាង​របស់​ព្រះ​ករុណា បាន​ផឹក​ស្រា​ពី​ពែង​ទាំង​នោះ ព្រះ​ករុណា​បាន​សរសើរ​តម្កើង​ព្រះដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ឯ​ព្រះ ដែល​ដង្ហើម​របស់​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្តរបស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ក៏​ជា​របស់​ព្រះ​អង្គ ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ដៃ​ដែល​ព្រះ​ចាត់​ឲ្យ​មក ហើយ​សរ‌សេរ​អក្សរ​នេះ។ ពាក្យ​ដែល​បាន​សរ‌សេរ​នោះគឺ "មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន"។ នេះ​ជា​សេចក្ដី​កាត់​ស្រាយ​នៃ​ពាក្យ​ទាំង​នោះ "មេនេ" ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ រាជ្យរបស់​ព្រះ​ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យនេះ​ហើយ។ "ទេកិល" ប្រែ​ថា ព្រះ​បាន​ថ្លឹង​ព្រះ​ករុណាលើ​ជញ្ជីង ហើយ​ឃើញ​ថា​នៅ​ខ្វះ។ "ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។ ពេល​នោះ ព្រះ​បាទ​បេល‌សាសារក៏​ចេញ​បញ្ជា ឲ្យ​គេ​បំពាក់​សំពត់​ពណ៌​ស្វាយ និង​ខ្សែ​មាស​នៅ​ក ឲ្យ​ដានី‌យ៉ែល រួច​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា លោក​បាន​ទទួល​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ។ នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត ហើយ​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​ហុក​សិប​ពីរព្រះ​វស្សា បាន​ឡើង​ស្នង​‌រាជ្យ។

អាន ដានី‌យ៉ែល 5