ដានីយ៉ែល 4:23-37

ដានីយ៉ែល 4:23-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌ករុណា​ឃើញ​ទេវតា​ដ៏វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា​ទុក ចោល​នៅ​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប”។ បពិត្រ​ព្រះ‌រាជា សុបិន​របស់​ព្រះ‌ករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្រេច​ចំពោះ​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។ ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។ ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា​មែន គឺ​ដប់‌ពីរ​ខែ​កន្លង​មក ពេល​ស្ដេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះ‌បរម‌រាជ​វាំង​នៅ​ក្រុង​បាប៊ី‌ឡូន ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។ ពេល​ស្ដេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូ‌ក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។ គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។ រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។ «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវតា និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះអង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះអង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។ នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។ ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌មហា‌ក្សត្រ​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះអង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:23-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ពោល​ថា "ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​របស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ‌ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ នៅ​កណ្ដាល​វាល​ស្មៅ ឲ្យ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​សត្វ​នៅ​ទីវាល រហូត​ទាល់​តែ​កន្លង​ផុត​ប្រាំពីរ​ខួប" បពិត្រ​ព្រះ‌ករុណា សេចក្ដី​កាត់​ស្រាយ​មាន​ន័យ​បែប​នេះ គឺ​ជា​រាជ​បញ្ជា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​កើត​មាន​ដល់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។ ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។ ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន។ កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?» កាល​ស្តេច​កំពុង​តែ​មាន​រាជ​ឱង្ការ​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រកាស​ប្រាប់​អ្នក​ថា រាជ្យ​បាន​ចេញ​ផុត​ពី​អ្នក​ហើយ គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។ រំពេច​នោះ ពាក្យ​នោះ​ក៏​បាន​សម្រេច​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន គឺ​ទ្រង់​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​សោយ​ស្មៅ​ដូច​គោ ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេសា​របស់​ស្ដេច​ដុះ​វែង ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​ប្រៀប​ដូច​ជា​ក្រចក​សត្វ​ស្លាប។ លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។ នៅ​ពេល​នោះ ស្មារតី​របស់​យើង​ក៏វិល​មក​រក​យើង​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​របស់​យើង ហើយ​តេជា​នុភាព ព្រម​ទាំង​ភាព​ថ្កុំ​ថ្កើង​របស់​យើង ក៏​វិល​មក​រក​យើង​វិញ​ដែរ។ ពួក​ទី​ប្រឹក្សា និង​ពួក​សេនាបតី បាន​ស្វែង​រក​យើង គេ​តាំង​យើង​ក្នុង​រាជ្យ​របស់​យើង​ឡើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំឡើង​ថែម​ទៀត។ ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។

ចែក​រំលែក
អាន ដានីយ៉ែល 4

ដានីយ៉ែល 4:23-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប នឹង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ នឹង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក នឹង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក ជា​មួយ​នឹង​អស់​ទាំង​សត្វ នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ គឺ​ថាទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ នឹង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅសំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។ ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ីឡូន ខណៈ​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ កាល​ស្តេច​កំពុង​តែ​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ ឯង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ឯង​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​ពួក​សត្វ​នៅ​ផែនដី ឲ្យ​បាន​ស៊ី​ស្មៅ​ដូច​ជា​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​៧​ខួប ទាល់​តែ​ឯង​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា តាម​ព្រះ‌ហឫទ័យ នៅ​វេលា​នោះ​ឯង​ពាក្យ​នោះ​បាន​សំរេច​ដល់​នេប៊ូ‌ក្នេសា គឺ​ទ្រង់​ត្រូវ​បណ្តេញ​ចេញ​ពី​ពួក​មនុស្ស​លោក ហើយ​ក៏​សោយ​ស្មៅ​ដូច​ជា​គោ អង្គ​ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប។ លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ នៅ​វេលា​នោះ​ឯង សតិ‌ស្មារតី​របស់​យើង​ក៏​ត្រឡប់​មក​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​យើង ហើយ​នឹង​ឥទ្ធា‌នុភាព ព្រម​ទាំង​រស្មី​ពន្លឺ ក៏​មក​ឯ​យើង​វិញ​ដែរ ពួក​ប្រឹក្សា នឹង​ពួក​សេនាបតី គេ​មក​រក​យើង គឺ​យើង​បាន​តាំង​ឡើង​នៅ​ក្នុង​រាជ្យ​របស់​យើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំ​ថែម​ឡើង ឥឡូវ​នេះ នេប៊ូ‌ក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិ‌ធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ។

ចែក​រំលែក
អាន ដានីយ៉ែល 4