ឯដំណើរដែលព្រះករុណាបានឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក ហើយពោលថា "ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ តែត្រូវទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ នៅកណ្ដាលវាលស្មៅ ឲ្យទទឹកជោកដោយទឹកសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយសត្វនៅទីវាល រហូតទាល់តែកន្លងផុតប្រាំពីរខួប" បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ គឺព្រះករុណានឹងត្រូវគេបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ទ្រង់នឹងទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់បានកន្លងផុតប្រាំពីរខួប គឺទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ។ ឯដំណើរដែលបញ្ជាឲ្យទុកគល់ និងឫសនៃដើមនោះ គឺថា រាជ្យរបស់ព្រះករុណានឹងត្រូវប្រគល់មកព្រះករុណាវិញ នៅពេលទ្រង់ជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង។ ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់ប្រោសមេត្តាទទូលយោបល់ទូលបង្គំចុះ សូមទ្រង់លះបង់អំពើបាប ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយលះបង់អំពើទុច្ចរិតផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ដើម្បីឲ្យព្រះករុណាបានចម្រុងចម្រើនយូរអង្វែង»។ ហេតុការណ៍ទាំងនោះកើតមានដល់ព្រះបាទនេប៊ូក្នេសាមែន។ កន្លងមកបានដប់ពីរខែ កាលស្ដេចកំពុងយាងក្រសាលក្នុងរាជវាំងនៅក្រុងបាប៊ីឡូន ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?» កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ គេនឹងបណ្តេញអ្នកចេញពីចំណោមមនុស្សលោក អ្នកនឹងមានទីលំនៅជាមួយសត្វនៅទីវាល គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ដរាបដល់បានកន្លងទៅអស់ប្រាំពីរខួប ទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ»។ រំពេចនោះ ពាក្យនោះក៏បានសម្រេចដល់ព្រះបាទនេប៊ូក្នេសាមែន គឺទ្រង់ត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយសោយស្មៅដូចគោ ព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ទាល់តែព្រះកេសារបស់ស្ដេចដុះវែង ដូចស្លាបឥន្ទ្រី ហើយក្រចកប្រៀបដូចជាក្រចកសត្វស្លាប។ លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។ មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។ នៅពេលនោះ ស្មារតីរបស់យើងក៏វិលមករកយើងវិញ ឯសិរីល្អនៃរាជ្យរបស់យើង ហើយតេជានុភាព ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏វិលមករកយើងវិញដែរ។ ពួកទីប្រឹក្សា និងពួកសេនាបតី បានស្វែងរកយើង គេតាំងយើងក្នុងរាជ្យរបស់យើងឡើងវិញ ហើយអំណាចយើងក៏កាន់តែធំឡើងថែមទៀត។ ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
អាន ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:23-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ