ដានីយ៉ែល 3:23-25

ដានីយ៉ែល 3:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ព្រះ​ហឫទ័យ​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច​ថា៖ «តើ​យើង​មិន​បាន​បោះមនុស្ស​បី​នាក់ ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ទេ​ឬ?»។ គេ​ក៏​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ពិត​មែន​ហើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តែ​យើង​ឃើញ​មនុស្ស​បួន​នាក់​ឥត​ជាប់​ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ឥត​ឈឺ​ចាប់​អ្វី​សោះ រី​ឯ​អ្នក​ទី​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​កូន​ព្រះ»។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​រន្ធត់​ព្រះ‌ហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ទូ ល​ព្រះ‌រាជា​ថា៖ «ពិត​មែន​ហើយ ព្រះ‌ករុណា!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​ទេវតា »។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។ ខណៈ​នោះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​មាន​សេចក្ដី​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​ជា​ប្រញាប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​របស់​ទ្រង់​ថា តើ​មិន​មែន​៣​នាក់ដែល​យើង​បោះ​ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ផង​ទេ​ឬ​អី គេ​ក៏​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា​អើយ ពិត​ហើយ​ដូច្នោះ រួច​ទ្រង់​មាន​បន្ទូល​ថា មើល យើង​ឃើញ​៤​នាក់ ឥត​ជាប់​ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥត​មាន​អ្វី​សោះ ឯ​អ្នក​ទី​៤​ក៏​មាន​ភាព​ដូច​ជា​កូន​ព្រះ

ចែក​រំលែក
អាន ដានីយ៉ែល 3