ដានីយ៉ែល 3:1-30

ដានីយ៉ែល 3:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។ ព្រះចៅ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។ ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​កសាង​នោះ។ មាន​អាមាត្យ​ម្នាក់​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា! ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ត្រូវ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​មាស ដែល​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​កសាង។ អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ»។ ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង។ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។ ពួក​គេ​ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ព្រះអង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ តាម​បញ្ជា​នេះ អ្នក​ណា​មិន​ឱន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ បពិត្រ​ព្រះ‌ករុណា មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។ ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។ បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។ ទោះ​បី​ព្រះអង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះ‌ករុណា​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ករុណា​បាន​កសាង​នេះ​ដែរ»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឈ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​រន្ធត់​ព្រះ‌ហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ទូ ល​ព្រះ‌រាជា​ថា៖ «ពិត​មែន​ហើយ ព្រះ‌ករុណា!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​ទេវតា »។ ព្រះចៅ​នេប៊ូ‌ក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​រាជ‌ឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។ ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះ‌មហា‌ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ទេវតា*​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះអង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន! ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះអង្គ​ទេ»។ បន្ទាប់​មក ព្រះ‌រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់‌ខ្ពស់​ឡើង នៅ​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ធ្វើ​រូប​បដិ‌មាករ​មួយ​ពី​មាស មាន​កម្ពស់​ហុក​សិប​ហត្ថ ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។ បន្ទាប់​មក ព្រះ​បាទ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​នាយក ពួកចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទី​ប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អា​ណា​ខេត្ត​ទាំង​ប៉ុន្មាន មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ ដូច្នេះ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទីប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា​ខេត្ត​ទាំង​ប៉ុន្មាន ក៏​បាន​មក​ជួប​គ្នា ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ កាល​គេ​កំពុង​ឈរ​នៅ​មុខ​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង មាន​ម្នាក់​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «ម្នាល​ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ ស្ដេច​ចេញ​រាជ​បញ្ជា​ថា ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង អ្នក​រាល់​គ្នា​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ‌ករុណា​បាន​ដំ​ឡើង។ អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នោះ​ភ្លាម!»។ ដូច្នេះ កាល​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និង​តន្ត្រី​គ្រប់​យ៉ាង​ហើយ ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា ក៏​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។ គេ​ទូល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​‌រាជ​បញ្ជា​ថា មនុស្ស​ទាំង​ឡាយ​ណា​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង គេ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាសនេះ ហើយ​ថា អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ទោ​សន្ធៅ។ ប៉ុន្ដែ មាន​ពួក​សាសន៍​យូដា​ខ្លះ ដែល​ទ្រង់​បាន​តែង​តាំងឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ អ្នក​ទាំង​បី​នាក់នេះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ​ករុណា ក៏​មិន​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​តាំង​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ? ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទូល​ឆ្លើយ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា ទូល​បង្គំ​យើង​ខ្ញុំ​មិន​បាច់​ទូល​ឆ្លើយ​ព្រះ​ករុណា​ពី​ដំណើរ​នេះ​ទេ។ ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។ ប៉ុន្ដែ បើ​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ទេ បពិត្រ​ព្រះ​ករុណា សូម​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​ដំ​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។ ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។ ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ព្រះ​ហឫទ័យ​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច​ថា៖ «តើ​យើង​មិន​បាន​បោះមនុស្ស​បី​នាក់ ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ទេ​ឬ?»។ គេ​ក៏​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ពិត​មែន​ហើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តែ​យើង​ឃើញ​មនុស្ស​បួន​នាក់​ឥត​ជាប់​ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ឥត​ឈឺ​ចាប់​អ្វី​សោះ រី​ឯ​អ្នក​ទី​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​កូន​ព្រះ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។ ដូច្នេះ យើង​ចេញ​‌រាជ​បញ្ជា​ដូច​តទៅ៖ ប្រជា‌ជន​ទាំង‌ឡាយណា ជាតិ​សាសន៍​ណា ហើយ​និយាយ​ភាសា​ណា​ក៏​ដោយ ហ៊ាន​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​ឲ្យ​រួច​បែប​ដូច្នេះ​បាន​ឡើយ»។ បន្ទាប់​មក ស្ដេច​ក៏​ដំឡើង​យស​ស័ក្ដិ​ឲ្យ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ធ្វើ​រូប​មាស​១ មាន​កំពស់​៦០​ហត្ថ ទទឹង​៦​ហត្ថ ទ្រង់​បញ្ឈរ​រូប​នោះ​នៅ​វាល​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ ដូច្នេះ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត ក៏​មូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប​នោះ ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង គេ​ក៏​ឈរ​នៅ​ចំពោះ​រូប​ដែល​ទ្រង់​តាំង​ទុក​នោះ រួច​មាន​អ្នក​១​ស្រែក​ប៉ាវ​ប្រកាស ជា​សំឡេង​យ៉ាង​ខ្លាំង​ថា ម្នាល​ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​អើយ មាន​សេចក្ដី​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នេះ​ថា វេលា​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ប៉ី ហើយ​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ព្រះ‌ករុណា​ទ្រង់​បាន​តាំង​ឡើង​ទៅ បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្តាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នៅ​វេលា​នោះ​ឯង ដូច្នេះ នៅ​វេលា​នោះ កាល​ជន​ទាំង‌ឡាយ​បាន​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ដន្ត្រី​គ្រប់​យ៉ាង​ហើយ នោះ​ជន​ទាំង‌ឡាយ​ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ផង ក៏​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​តាំង​ទុក​នោះ។ នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​ព្រះ‌រាជ​បង្គាប់​ថា អស់​មនុស្ស​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​តែ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​នេះ ហើយ​ថា បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ រីឯ​ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​តាំង​ឡើង លើ​ក្រសួង​ការ​ខេត្ត​បាប៊ីឡូន នោះ​មាន​ពួក​សាសន៍​យូដា​ខ្លះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទាំង​៣​នាក់​នោះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​ក៏​មិន​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​នៃ​ទ្រង់ ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន តែ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទូល​ឆ្លើយ​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា យើង​ខ្ញុំ​មិន​ចាំ​បាច់​ទូល​ឆ្លើយ​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ទេ បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧ រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ នឹង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ ហេតុ​នោះ ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃ‌លែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទៅ​នោះ ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។ ខណៈ​នោះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​មាន​សេចក្ដី​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​ជា​ប្រញាប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​របស់​ទ្រង់​ថា តើ​មិន​មែន​៣​នាក់ដែល​យើង​បោះ​ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ផង​ទេ​ឬ​អី គេ​ក៏​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា​អើយ ពិត​ហើយ​ដូច្នោះ រួច​ទ្រង់​មាន​បន្ទូល​ថា មើល យើង​ឃើញ​៤​នាក់ ឥត​ជាប់​ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥត​មាន​អ្វី​សោះ ឯ​អ្នក​ទី​៤​ក៏​មាន​ភាព​ដូច​ជា​កូន​ព្រះ នោះ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ មាន​បន្ទូល​ថា ឱ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ជា​អ្នក​គោរព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្តាល​ភ្លើង​មក រួច​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។ នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ ដូច្នេះ យើង​ចេញ​ព្រះ‌រាជ​បំរាម​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ថា បើ​អ្នក​ណា​និយាយ​បង្ខុស​ពី​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ទុក​ជា​ទី​បន្ទោ‌បង់​លាមក ពី​ព្រោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ រួច​មក ស្តេច​ទ្រង់​ក៏​ដំឡើង​ងារ​ដល់​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នៅ​ក្នុង​ខេត្ត​បាប៊ីឡូន។

ចែក​រំលែក
អាន ដានីយ៉ែល 3