ដានីយ៉ែល 2:2-18

ដានីយ៉ែល 2:2-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌មហា‌ក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌រាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។ ពួក​គ្រូ​ទាយ​ទូល​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះ‌ករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​ផេះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។ ពួក​គេ​ទូល​ព្រះ‌មហា‌ក្សត្រ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សម្រេច​ដូច្នេះ គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។ គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះ‌មហា‌ក្សត្រ​ថា៖ «បពិត្រ​ព្រះ‌រាជា នៅ​លើ​ផែនដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ព្រះ‌ករុណា​បាន​បង្គាប់​នេះ​ទេ។ ព្រះ‌ករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ទេ»។ ពេល​ឮ​ដូច្នេះ ព្រះ‌រាជា​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ទ្រង់​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។ គេ​បាន​ប្រកាស​ផ្សាយ​រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានី‌យ៉ែល និង​មិត្ត‌ភក្ដិ​របស់​លោក​យក​ទៅ​សម្លាប់​ដែរ។ លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌មហា‌ក្សត្រ​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានី‌យ៉ែល។ លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌រាជា ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​លោក​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ។ បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ ហើយ​បបួល​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:2-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្ដេច​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប​ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សុបិន​ថ្វាយ​ទ្រង់ ហើយ​គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់ពួក​គេ​ថា៖ «យើង​មាន​សុបិន​មួយ ហើយ​វិញ្ញាណ​យើង​មាន​ការ​រំខាន ដោយ​ព្រោះ​ចង់​ដឹង​ពី​សុបិន​នោះ»។ ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ខាល់ដេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ដូច​តទៅ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ហើយ​កាត់​ស្រាយ​ទេ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា​ជា​ដុំៗ ហើយ​បំផ្លាញ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេចខ្ទី។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​សុបិន​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ និង​រង្វាន់ ព្រម​ទាំង​កិត្តិ‌យស​យ៉ាង​ធំ​ពី​យើង។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង ហើយ​កាត់​ស្រាយ​ទៅ»។ ពួក​គេ​ទូល​ឆ្លើយ​ម្ដង​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។ ស្ដេច​តប​ថា៖ «យើង​ដឹង​ច្បាស់​ហើយ​ថា អ្នក​រាល់​គ្នា​ចង់​ពន្យា​ពេល ព្រោះ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ទៅ​ហើយ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​សុបិន​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត​ភរ ហើយ​ឆ​បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទម្រាំ​តែ​ពេល​វេលា​ផ្លាស់​ប្ដូរ។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន»។ ពួក​ខាល់ដេ​ទាំង​នោះ ទូល​តប​ទៅ​ស្តេច​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែន‌ដី ដែល​អាច​បង្ហាញ​ប្រាប់​ពី​សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​បាន​ឡើយ! ដ្បិត​គ្មាន​ស្តេច​ណា​មួយ ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​សួរ​សំណួរ​បែប​នេះ​ដល់​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណា​ឡើយ។ សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​នេះ ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​អាច​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ លើក​លែង​តែ​ពួក​ព្រះ​ប៉ុណ្ណោះ តែ​ពួក​ព្រះ​ទាំង​នោះ​មិន​រស់​នៅ​ជា‌មួយ​មនុស្ស​ខាង​សាច់​ឈាម​ទេ»។ កាល​ឮ​ដូច្នេះ ស្ដេច​ក៏​ខ្ញាល់ ហើយ​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ​លែង ទ្រង់​ក៏​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់ ដែល​នៅ​ស្រុក​បាប៊ី‌ឡូន។ ដូច្នេះ មាន​រាជ‌បញ្ជា​ចេញ​ទៅ ដើម្បី​យក​ពួក​អ្នក​ប្រាជ្ញ​ទៅ​សម្លាប់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​គូ​កន​របស់​លោក ដើម្បី​យក​ទៅ​សម្លាប់​ដែរ។ គ្រា​នោះ ដានី‌យ៉ែល​បាន​ឆ្លើយ​តប​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច ដែល​បាន​ចេញ​ទៅ​ដើម្បី​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន។ លោក​សួរ​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​រាជ‌បញ្ជា​របស់​ស្តេច​បន្ទាន់​ដល់​ម៉្លេះ?»។ ពេល​នោះ អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល។ ពេល​នោះ ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច ដើម្បី​ឲ្យ​លោក​បាន​កាត់​ស្រាយ​ថ្វាយ​ស្ដេច​ជ្រាប។ បន្ទាប់​មក ដានី‌យ៉ែល​ក៏​វិល​ទៅ​ផ្ទះ​វិញ ជម្រាប​រឿង​នោះ​ដល់​ហាណា‌នា មីសា‌អែល និង​អ័‌សារា ជា​គូ​កន​របស់​លោក ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​អាថ៌‌កំបាំង​នេះ ប្រ‌យោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ​កន​របស់​លោក​មិន​ត្រូវ​វិនាស ព្រម​ទាំង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ នៅ​ស្រុក​បាប៊ី‌ឡូនផង។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:2-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ នឹង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប តែ​ស្តេច ទ្រង់​មាន​បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប ស្តេច​ទ្រង់​តប​ឡើង​ថា យើង​បាន​ដឹង​ពិត​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ចង់​បាន​ពេល​វេលា ដោយ​ឃើញ​ថា យើង​បាន​ភ្លេច​សេចក្ដី​ទៅ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សំរាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សំរាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ ស្តេច​ទ្រង់​ក៏​ខ្ញាល់ ហើយ​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ដែល​នៅ​ក្រុង​បាប៊ីឡូន​ទៅ យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល នឹង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សំឡាប់​ដែរ។ គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ីឡូន លោក​សួរ​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជ‌ឱង្ការ​នៃ​ស្តេច​ប្រថំ​អី​ម៉្លេះ នោះ​អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។ នោះ​ដានី‌យ៉ែល​ក៏​វិល​ទៅ​ឯ​ផ្ទះ ប្រាប់​រឿង​នោះ​ដល់​ហាណានា មីសា‌អែល នឹង​អ័សារា ជា​គូ‌កន​របស់​លោក ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ទ្រង់​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​សេចក្ដី​អាថ៌‌កំបាំងនោះ ប្រយោជន៍​ឲ្យ​ដានី‌យ៉ែល នឹង​គូ‌កន​លោក​មិន​ត្រូវ​វិនាស​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀត ដែល​នៅ​ក្រុង​បាប៊ីឡូន​ឡើយ

ចែក​រំលែក
អាន ដានីយ៉ែល 2