ដានីយ៉ែល 2:19-35

ដានីយ៉ែល 2:19-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានី‌យ៉ែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។ លោក​ពោល​ថា៖ «សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌ចេស្ដា ព្រះអង្គ​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ព្រះអង្គ​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា ព្រះអង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ទូលបង្គំ។ ព្រះអង្គ​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗ ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​សម្តែង​ឲ្យ​យើង​ដឹង អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់ ព្រះ‌រាជា​ដែរ»។ បន្ទាប់​មក លោក​ដានី‌យ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ី‌ឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌ករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ថ្វាយ»។ លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។ ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។ បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:19-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ព្រះ​ក៏​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នោះ​ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​និមិត្ត​មួយ​នៅ​វេលា​យប់ ហើយ​ដានី‌យ៉ែល​ក៏​ថ្វាយ‌ព្រះ​ពរ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ ដានីយ៉ែល​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។ ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។ ឱ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ ហើយ​សរសើរ​តម្កើង ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​ឥទ្ធិឫទ្ធិ ហើយ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​ទូល​សូម​ពី​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ខ្ញុំ ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច»។ ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ជួប​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​បាន​ទៅ​ប្រាប់​គាត់​ដូច្នេះ​ថា៖ «សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ស្តេច​វិញ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ស្ដេច​ជ្រាប»។ ពេល​នោះ អើយ៉ុក​ក៏​ប្រញាប់​ប្រញាល់​នាំ​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ស្ដេច​ដូច្នេះ​ថា៖ «ទូល‌បង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ពួក​ឈ្លើយ​ពី​ស្រុក​យូដា ដែល​អាច​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។ ស្ដេច​មានរាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​បេលថិ‌ស្សាសារ​ថា៖ «តើ​លោក​អាច​ប្រាប់​ពី​សុបិន​ដែល​យើង​បាន​ឃើញ ហើយ​កាត់​ស្រាយ​សុបិន​នោះ​បាន​ឬ​ទេ?» ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថាន‌សួគ៌ ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​ជ្រាប​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា និង​និមិត្ត​ដែល​ព្រះ​ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​លក់ គឺ​ដូច្នេះឯង បពិត្រ​ព្រះ‌ករុណា កាល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ទ្រង់​កើត​មាន​គំនិត គិត​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មក​នៅ​ពេល​ខាង​មុខ ហើយ​ព្រះ​ដែល​បើក​សម្ដែង​ឲ្យ​ព្រះ​ករុណា​ជ្រាប​ពី​អាថ៌‌កំបាំង គឺ​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្ដែ ឯ​ទូល‌បង្គំ​វិញ ព្រះ​បាន​សម្ដែង​ពី​អាថ៌‌កំបាំង​នេះ​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​មក​ដើម្បី​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ។ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​មួយ​យ៉ាង​ធំ។ រូប​នោះ​ធំ​សម្បើម​ណាស់ ហើយ​ក៏​ភ្លឺ​ពន់​ពេក​ក្រៃ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ​ករុណា ក៏​មាន​ភាព​គួរ​ឲ្យ​ស្ញែង‌ខ្លាច។ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ជើង​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ពេល​ព្រះ​ករុណា​កំពុង​តែ​ទត​ឃើញ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ដាច់​ចេញ​មក មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​ទង្គិច​ត្រូវ​រូប​នោះ ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​នោះ​បែក​ខ្ទេច‌ខ្ទីអស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​ទី​លាន​បោក​ស្រូវ​ក្នុង​រដូវ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ឃើញ​មាន​ស្នាម​ណា​របស់​រូប​នោះ​ទៀត​ឡើយ។ រី​ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​នៅ​ពេញ​ផែន‌ដី​ទាំង​មូល។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:19-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ សេចក្ដី​អាថ៌‌កំបាំង​នោះ បាន​សំដែង​មក ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​ការ​ជាក់‌ស្តែង​នៅ​វេលា​យប់ នោះ​លោក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ទូល​ថា សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា នឹង​តេជា‌នុភាព​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់ ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់ ឱ​ព្រះ​នៃ​ពួក​ឰយុកោ​ទូលបង្គំ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ ហើយ​ក៏​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​អំណាច ហើយ​ឥឡូវ​នេះ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​សូម​ពី​ទ្រង់ ដ្បិត​ទ្រង់​បាន​សំដែង ឲ្យ​យើង​ខ្ញុំ​ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ឯ​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ីឡូន​បង់ នោះ​គឺ​បាន​ទៅ​និយាយ​ដូច្នេះ​ថា សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ីឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ដល់​ស្តេច​ចុះ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​សេចក្ដី​ថ្វាយ​ទ្រង់​ជ្រាប​វិញ។ ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូលបង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ នឹង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់ តែ​ចំណែក​ទូលបង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូលបង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូងនឹង​ដៃ​ជា​ប្រាក់ ពោះ នឹង​ភ្លៅ​ជា​លង្ហិន ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែកនឹង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។

ចែក​រំលែក
អាន ដានីយ៉ែល 2