ដានីយ៉ែល 11:36-45
ដានីយ៉ែល 11:36-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។ ស្ដេចនោះនឹងមិនយោគយល់ដល់ពួកព្រះនៃអយ្យកោរបស់ខ្លួនឡើយ ក៏មិនយោគយល់ដល់ព្រះដែលពួកស្ដ្រីស្រឡាញ់ដែរ។ ស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ដ្បិតទ្រង់នឹងតម្កើងខ្លួនឯងជាធំលើសអ្វីៗទាំងអស់។ ក៏ប៉ុន្ដែ ស្ដេចនោះនឹងគោរពព្រះដែលការពារបន្ទាយ ជាព្រះមួយដែលអយ្យកោរបស់ស្ដេចមិនបានស្គាល់ ហើយស្ដេចយកមាស ប្រាក់ និងត្បូងមានតម្លៃ ព្រមទាំងរបស់ថ្លៃវិសេសទៅថ្វាយ។ ស្ដេចនឹងវាយទីតាំងដ៏រឹងមាំរបស់សាសន៍នានា ដោយពឹងផ្អែកព្រះបរទេស ឯអស់អ្នកដែលទទួលស្គាល់ខ្លួន ស្ដេចនឹងលើកឲ្យមានសក្តិយសជាធំ ហើយតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកដីឲ្យជារង្វាន់ទៀតផង»។ នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។ ស្ដេចនោះនឹងចូលទៅក្នុងស្រុកដ៏រុងរឿង ហើយសាសន៍ជាច្រើននឹងត្រូវដួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្ដាប់ដៃរបស់ស្ដេច គឺសាសន៍អេដុម ម៉ូអាប់ ព្រមទាំងពួកមេដឹកនាំសំខាន់ៗក្នុងកូនចៅអាំម៉ូន។ ស្ដេចនោះនឹងលូកដៃទៅទាស់នឹងស្រុកនានា ហើយស្រុកអេស៊ីព្ទក៏នឹងគេចមិនផុតដែរ។ ស្ដេចនឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជារាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី នឹងចំណុះស្ដេចនោះ។ ប៉ុន្ដែ ដំណឹងដែលចេញពីស្រុកខាងកើត និងពីស្រុកខាងជើង នឹងនាំឲ្យស្ដេចព្រួយបារម្ភ ដូច្នេះ ស្ដេចនឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីកម្ទេច ហើយបំផ្លាញមនុស្សជាច្រើនបង់។ ស្ដេចនឹងដំឡើងពន្លាជារាជដំណាក់នៅកណ្ដាលសមុទ្រ ហើយនៅជិតភ្នំបរិសុទ្ធដ៏រុងរឿង ប៉ុន្តែ ជីវិតស្ដេចនោះចូលដល់ចុងបញ្ចប់ ឥតមានអ្នកណាជួយឡើយ។
ដានីយ៉ែល 11:36-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច ។ ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។ ស្ដេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្ដេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីឲ្យពួកគេជារង្វាន់ផង។ នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្ដេចខាងត្បូង ដោយប្រើរទេះចម្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្ដេច។ ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ ស្ដេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។
ដានីយ៉ែល 11:36-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសំរេច ដ្បិតការដែលបានសំរេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឰយុកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់ ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកឰយុកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ នឹងត្បូងមានតំឡៃ ហើយនឹងរបស់ថ្លៃវិសេស គឺដោយព្រះដទៃនោះ ដែលវានឹងឈ្នះទីមាំមួនរបស់សាសន៍ផ្សេងៗ ឯអ្នកណាដែលនឹងយល់ខាងខ្លួន នោះវានឹងលើកឲ្យមានសក្តិយសជាធំឡើង ហើយនឹងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផង។ លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ នឹងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ វានឹងចូលទៅក្នុងស្រុកឧត្តមដែរ ហើយមនុស្សជាច្រើននឹងត្រូវផ្តួលចុះ តែសាសន៍ទាំងនេះ នឹងបានរួចពីកណ្តាប់ដៃវា គឺអេដំម ម៉ូអាប់ នឹងពួកសំខាន់ក្នុងកូនចៅអាំម៉ូន វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស នឹងប្រាក់ ជាព្រះរាជទ្រព្យ នឹងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី នឹងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង នឹងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់ វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ។