ដានី‌យ៉ែល 11:36-45

ដានី‌យ៉ែល 11:36-45 គកស១៦

ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។ ស្ដេច​នោះ​នឹង​មិន​យោគ​យល់​ដល់​ពួក​ព្រះ​នៃ​អយ្យកោ​របស់​ខ្លួន​ឡើយ ក៏​មិន​យោគ​យល់​ដល់ព្រះ​ដែល​ពួក​ស្ដ្រី​ស្រឡាញ់​ដែរ។ ស្ដេច​មិន​យោគ​យល់​ដល់​ព្រះ​ណា​ឡើយ ដ្បិត​ទ្រង់​នឹង​តម្កើង​ខ្លួន​ឯង​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។ ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។ ស្ដេច​នឹង​វាយ​ទី​តាំង​ដ៏​រឹង​មាំ‌របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​ព្រះ​បរទេស ឯ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្លួន ស្ដេច​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ ហើយ​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ដី​ឲ្យ​ជា​រង្វាន់​ទៀត​ផង»។ នៅ​គ្រា​ចុង​ក្រោយ ស្តេច​ខាង​ត្បូង​នឹង​ប្រ​យុទ្ធ​នឹង​ស្ដេច​ខាង​ជើង តែ​ស្តេច​ខាង​ជើង​នឹង​វាយ​សម្រុក​មក​លើ​ស្ដេច​ខាង​ត្បូង​ដូច​ខ្យល់​កួច មាន​ទាំង​រទេះ​ចម្បាំង ពល​សេះ និង​នាវា​ជា​ច្រើន។ ស្ដេច​នោះ​នឹង​វាយ​លុក​ចូល​ទៅ​ក្នុង​ស្រុក​នានា ហើយ​វាយ​ឆ្លង​កាត់​ដូច​ទឹក​ជន់។ ស្ដេច​នោះ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ហើយ​សាសន៍​ជា​ច្រើន​នឹង​ត្រូវ​ដួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច គឺ​សាសន៍​អេដុម ម៉ូអាប់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​កូន​ចៅ​អាំម៉ូន។ ស្ដេច​នោះ​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​នានា ហើយ​ស្រុក​អេស៊ីព្ទ​ក៏​នឹង​គេច​មិន​ផុត​ដែរ។ ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។ ប៉ុន្ដែ ដំណឹង​ដែល​ចេញ​ពី​ស្រុក​ខាង​កើត និង​ពីស្រុក​ខាង​ជើង នឹង​នាំ​ឲ្យ​ស្ដេច​ព្រួយ​បារម្ភ ដូច្នេះ ស្ដេច​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​កម្ទេច ហើយ​បំផ្លាញ​មនុស្ស​ជា​ច្រើន​បង់។ ស្ដេច​នឹង​ដំឡើង​ពន្លា​ជា​‌រាជ​ដំណាក់​នៅ​កណ្ដាល​សមុទ្រ ហើយ​នៅ​ជិត​ភ្នំ​បរិសុទ្ធ​ដ៏​រុង​រឿង ប៉ុន្តែ ជីវិត​ស្ដេច​នោះ​ចូល​ដល់​ចុង​បញ្ចប់ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។

អាន ដានី‌យ៉ែល 11