ដានីយ៉ែល 10:1-21

ដានីយ៉ែល 10:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។ នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត គឺ​មិន​ទទួល​ទាន​សាច់ ឬ​ស្រា​ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​យក​ប្រេង​លាប​ខ្លួន រហូត​ដល់​ផុត​បី​អាទិត្យ​នោះ។ នៅ​ថ្ងៃ​ម្ភៃ​បួននៃ​ខែ​ទីមួយ កាល​ខ្ញុំ​កំពុង​ឈរ​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេកែល ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស។ រូប​កាយ​របស់​លោក​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ​ជើង​របស់​លោក ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​លោក ដូច​ជា​សូរ​សំឡេង​នៃ​មនុស្ស​មួយ​ហ្វូង។ ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ ដូច្នេះ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​ឃើញ​និមិត្តដ៏​ធំ​នេះ ខ្ញុំ​ក៏​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ ពេល​នោះ ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ហើយ​កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​របស់​លោក ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ ទាំង​ក្រាប​ចុះ មុខ​ដល់​ដី។ ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ងើប​ឡើង​ទាំង​ញ័រ ដោយ​លុត​ជង្គង់ ហើយ​ច្រត់​ដៃ។ លោក​ពោល​មក​ខ្ញុំ​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​លោក ហើយ​ឈរ​ឡើង​ឲ្យ​ត្រង់​ចុះ ដ្បិតព្រះ​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ ខ្ញុំ​ក៏​ក្រោក​ឈរ​ទាំង​ញាប់‌ញ័រ។ ពេល​នោះ លោក​ប្រាប់​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្លាចអី ដ្បិត​ចាប់​ពី​ថ្ងៃ​មុន​ដំបូង ដែល​លោក​បាន​តាំង​ចិត្ត​ចង់​យល់ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​របស់​លោក ព្រះ‌អង្គ​ឮ​ពាក្យ​របស់​លោក​ហើយ រួច​ខ្ញុំ​បាន​មក ក៏​ព្រោះ​តែ​ពាក្យ​របស់​លោក​ដែរ។ ប៉ុន្តែ ម្ចាស់​នៃ​នគរ​ពើស៊ីបាន​តទល់​នឹង​ខ្ញុំ​អស់​ម្ភៃ​មួយ​ថ្ងៃ តែ​មីកែល ជា​មហា​ទេវតា​ដ៏​សំខាន់​មួយ​រូប បាន​មក​ជួយខ្ញុំ ហើយ​ខ្ញុំ​ក៏​ឲ្យ​លោក​នៅ​ទី​នោះ​ជា​មួយ​ស្តេច​ពើស៊ី ឥឡូវ​នេះ ខ្ញុំ​មក​ពន្យល់​លោក​ពីហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក នៅ​គ្រា​ចុង​ក្រោយ ដ្បិត​និមិត្ត​នេះ​សម្រាប់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ»។ កាល​លោក​បាន​មាន​ប្រសាសន៍​មកកាន់​ខ្ញុំ​តាម​សេចក្ដី​ទាំង​នេះ​រួច​ហើយ ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​នៅ​ស្ងៀម។ ពេល​នោះ ឃើញ​មាន​ម្នាក់​ដូច​កូន​មនុស្ស មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ឈរ​នៅខាង​មុខ​ខ្ញុំ​ថា៖ «ឱ​លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត​នេះ ចិត្ត​ខ្ញុំ​កើត​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បម្រើ​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​ម្ចាស់​បាន ដ្បិត​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទេ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ»។ ពេល​នោះ លោក​ម្នាក់​មាន​ភាព​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​កម្លាំង​ឡើង​វិញ។ លោក​ពោល​ថា៖ «ឱ​អ្នក​សំណព្វ​យ៉ាង​សំខាន់​អើយ កុំ​ខ្លាច​អី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ចូរ​មាន​កម្លាំង ហើយ​ក្លាហាន​ឡើង!» កាល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ខ្ញុំ​និយាយ​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រ‌សាសន៍​មក​ចុះ ព្រោះ​លោក​ម្ចាស់​បាន​ចម្រើន​កម្លាំង​ខ្ញុំ​ហើយ»។ ពេល​នោះ លោក​មាន​ប្រសាសន៍​ថា៖ «តើ​លោក​ដឹង​ឬទេ ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មករក​លោក? តែ​ឥឡូវ​នេះ ខ្ញុំ​នឹង​ត្រឡប់​ទៅប្រ​យុទ្ធ​នឹង​ម្ចាស់​នៃ​នគរ​ពើស៊ី​វិញ ហើយ​ពេល​ខ្ញុំ​ចេញ​ទៅ នោះ​ម្ចាស់​នៃ​នគរ​ក្រិក​នឹង​មក​ដល់។ ប៉ុន្តែ ខ្ញុំ​នឹង​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត។ គ្មាន​អ្នក​ណា​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​ទាំង​នោះ​ឡើយ មាន​តែ​មីកែល ជា​ទេវតា​របស់​លោក​ប៉ុណ្ណោះ»។

ចែក​រំលែក
អាន ដានីយ៉ែល 10

ដានីយ៉ែល 10:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។ នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេ‌កែល ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។ រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។ ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។ លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។ លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្ដេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។ ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក ទៅ​អនាគត ដ្បិត​មាន​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ សម្រាប់​គ្រា​នោះ​ដែរ»។ ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​ឱន​មុខ​ចុះ នៅ​ស្ងៀម ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។ ពេល​នោះ លោក​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។ រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។ លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ទេវតា​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។ ប៉ុន្តែ ខ្ញុំ​ចង់​ជម្រាប​លោក​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវតា​មីកែល​ជា​ទេវតា​ថែ‌រក្សា​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​នោះ​ទេ។

ចែក​រំលែក
អាន ដានីយ៉ែល 10

ដានីយ៉ែល 10:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ពេញ​៣​អាទិត្យ ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ លុះ​ដល់​ថ្ងៃ​២៤​ខែ​ចេត្រ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ជា​ទន្លេ​ហ៊ីដេ‌កែល នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​មើល​ទៅ ឃើញ​មាន​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស រូប‌កាយ​របស់​អ្នក​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃនឹង​ជើង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​អ្នក​នោះ​ដូច​ជា​សូរ​នៃ​ជំនុំ​មនុស្ស​យ៉ាង​ធំ គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ ប៉ុន្តែខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។ នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ នឹង​បាត​ដៃ រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ ប៉ុន្តែម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ ឥឡូវ​នេះ បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក នៅ​គ្រា​ក្រោយ​បង្អស់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ដល់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។ រួច​មក​មាន​ម្នាក់​មាន​ភាព​ដូច​ជា​មនុស្ស​ជាតិ បាន​ពាល់​ខ្ញុំ​ទៀត ហើយ​ក៏​ចំរើន​កំឡាំង​ដល់​ខ្ញុំ រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង កាល​លោក​បាន​ពោល​នឹង​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​មាន​កំឡាំង​ឡើង ហើយ​ខ្ញុំ​និយាយ​ថា សូម​ឲ្យ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ចុះ ពី​ព្រោះ​លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់ ប៉ុន្តែ យើង​នឹង​ប្រាប់​អ្នក​ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​ដ៏​ពិត គ្មាន​អ្នក​ណា​ជួយ​ខាង​យើង​ក្នុង​ដំណើរ​ការ​ទាំង​នេះ​ឡើយ មាន​តែ​មីកែល ជា​ទេវតា​របស់​អ្នក​ប៉ុណ្ណោះ។

ចែក​រំលែក
អាន ដានីយ៉ែល 10