ដានី‌យ៉ែល 10

10
1នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង 2នៅ​គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ពេញ​៣​អាទិត្យ 3ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ 4លុះ​ដល់​ថ្ងៃ​២៤​ខែ​ចេត្រ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ជា​ទន្លេ​ហ៊ីដេ‌កែល 5នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​មើល​ទៅ ឃើញ​មាន​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស 6រូប‌កាយ​របស់​អ្នក​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃនឹង​ជើង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​អ្នក​នោះ​ដូច​ជា​សូរ​នៃ​ជំនុំ​មនុស្ស​យ៉ាង​ធំ 7គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន 8ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ 9ប៉ុន្តែខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។
10នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ នឹង​បាត​ដៃ 11រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ​ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ 12រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ 13ប៉ុន្តែម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ 14ឥឡូវ​នេះ បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក នៅ​គ្រា​ក្រោយ​បង្អស់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ដល់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ 15លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ 16នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ 17ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។
18រួច​មក​មាន​ម្នាក់​មាន​ភាព​ដូច​ជា​មនុស្ស​ជាតិ បាន​ពាល់​ខ្ញុំ​ទៀត ហើយ​ក៏​ចំរើន​កំឡាំង​ដល់​ខ្ញុំ 19រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង កាល​លោក​បាន​ពោល​នឹង​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​មាន​កំឡាំង​ឡើង ហើយ​ខ្ញុំ​និយាយ​ថា សូម​ឲ្យ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ចុះ ពី​ព្រោះ​លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ 20លោក​តប​មក​ថា តើ​អ្នក​ដឹង​ជា​យើង​មក​ឯ​អ្នក ដោយ​ហេតុ​អ្វី​ឬ​ទេ តែ​ឥឡូវ​នេះ​យើង​ត្រូវ​ត្រឡប់​ទៅ ត‌យុទ្ធ​នឹង​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី កាល​យើង​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ក្រេក​នឹង​មក​ដល់ 21ប៉ុន្តែ យើង​នឹង​ប្រាប់​អ្នក​ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​ដ៏​ពិត គ្មាន​អ្នក​ណា​ជួយ​ខាង​យើង​ក្នុង​ដំណើរ​ការ​ទាំង​នេះ​ឡើយ មាន​តែ​មីកែល ជា​ទេវតា​របស់​អ្នក​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល