ដានីយ៉ែល 1:8-13

ដានីយ៉ែល 1:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានី‌យ៉ែល។ លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។ យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖ «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។ ព្រះ​ប្រោស​ប្រទាន​ឲ្យចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក មាន​ចិត្ត​សន្ដោស និង​សេចក្ដី​អាណិត​អាសូរ​ដល់​ដានី‌យ៉ែល។ ឯ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​ពោលទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នក​ណាស់ ដ្បិត​ហេតុ​អ្វី​ក៏​ចង់​ឲ្យ​ស្ដេច​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​អាក្រក់ ជាង​យុវជនឯ​ទៀត​ៗ​ដែល​ស្រករ​នឹង​អ្នក? យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ»។ ពេល​នោះ ដានី‌យ៉ែល​និយាយ​ទៅ​ម្នាក់​ដែល​ចៅ‌ហ្វាយលើ​ពួក​មហា‌តលិក​បាន​តាំង​ឲ្យមើល​ខុស​ត្រូវ​លើ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ថា៖ «សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក រយៈ​ពេល​ដប់​ថ្ងៃ​មើល​ចុះ! សូម​ឲ្យតែ​បន្លែ​មក​យើង​ខ្ញុំ​បរិភោគ និង​ទឹក​ផឹក​ប៉ុណ្ណោះ។ រួច​សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច ហើយ​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​ការ​ដែល​លោក​យល់​ឃើញ​ចុះ»។

ចែក​រំលែក
អាន ដានីយ៉ែល 1

ដានីយ៉ែល 1:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានី‌យ៉ែល​ថា យើង​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ដំរូវ​អាហារ នឹង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នាបាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ នោះ​ដានី‌យ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ថា សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ រួច​សូម​លោក​មើល​មុខ​យើង​ខ្ញុំ ផ្ទឹម​នឹង​មុខ​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច ក៏​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​ឃើញ​ចុះ។

ចែក​រំលែក
អាន ដានីយ៉ែល 1