កូឡូស 2:6-15

កូឡូស 2:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។ ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​ជា​រូប​រាង​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ​ក្នុង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​សិរសា​លើ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នានា​ទាំង​អស់។ នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ‌គ្រីស្ទ ដោយ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ‌អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ‌ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ‌អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។ ព្រះ‌អង្គ​បាន​ដក​អំណាច​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​ចេញ ហើយ​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ដោយ​មាន​ជ័យ​ជម្នះ​លើ​ពួក​វា​ដោយ​ឈើ​ឆ្កាង ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ បើ​បងប្អូន​បាន​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះអង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។ ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បងប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ច្រើន​លើស‌លុប។ ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រិស្ត។ រីឯ​បងប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។ ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ គឺ​បងប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ត ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។ ពេល​បងប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បងប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ហើយ​ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​បងប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។ ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់ ទាស់​នឹង​យើង​ ​តាម​វិន័យ​នោះ​ចោល។ ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។ ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​ ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។ ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ ដ្បិត​មាន​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ‌លេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់‌គ្រង នឹង​អំណាច​ទាំង​ប៉ុន្មាន អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ឫទ្ធិ‌បារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:6-15

កូឡូស 2:6-15 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ