អេម៉ុស 6:5-14

អេម៉ុស 6:5-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។ អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗ អ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃ តែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាស របស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។ ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។ ពេល​នរណា​ម្នាក់​យក​សាក‌សព​សាច់‌ញាតិ​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បូជា គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ថា «តើ​មាន​នរណា​នៅ​ជា​មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​មក​វិញ​ថា «គ្មាន​ទេ»។ គាត់​ក៏​ពោល​ទៀត​ថា «កុំ​មាត់​ក​អី!»។ គ្មាន​នរណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទេ! ព្រះ‌អម្ចាស់​ចេញ​បញ្ជា នោះ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​រលំ​បាក់​បែក​អស់ សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេច‌ខ្ទី​អស់​ដែរ។ តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្ម ឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ជា​មាន​ជាតិ​ពិស និង​ឲ្យ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ? អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បាន ក្រុង​ឡូដា‌បា ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “ពួក​យើង​វាយ​យក​បាន​ក្រុង​កាណា‌អ៊ីម ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង” ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើង សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន អេម៉ុស 6

អេម៉ុស 6:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​អ្នក​ដែល​ច្រៀង​ឡូឡា​តាម​សំឡេង​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សម្រាប់​ខ្លួនចង់​ធ្វើ​ដូច​ដាវីឌ ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចាន​គោម ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ដ៏​វិសេស តែ​មិន​ព្រួយ​នឹង​ការ​វិនាស​របស់​យ៉ូសែប​ទេ។ ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។ ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។ ប្រសិន‌បើ​មាន​មនុស្ស​ដប់​នាក់​សល់​នៅ​ក្នុង​ផ្ទះ​មួយ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់ ហើយ​កាល​ណាសាច់​ញាតិ​របស់​ខ្លួន គឺ​អ្នក​ដែល​បូជា​សព ចូល​ទៅ​លើក​សាក​សព​នាំ​ចេញ​ពី​ផ្ទះ គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់ ក្នុង​ផ្ទះ​ថា «តើ​មាន​អ្នក​ណា​នៅ​ជា‌មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​ថា «គ្មាន​ទេ»។ ពេល​នោះ សាច់​ញាតិ​នោះ​នឹង​ពោល​ថា «កុំ​មាត់​អី!» យើង​មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទេ។ ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​ចេញ​រាជ​បញ្ជា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​បែក​បាក់​ខ្ទេច​ខ្ទី ហើយ​ផ្ទះ​តូច​ក៏​ត្រូវ​ខ្ទេច​ខ្ទី​អស់។ តើ​សេះ​បោល​នៅ​លើ​ផ្ទាំង​ថ្ម​ឬ? តើ​គេ​យក​គោ​ទៅ​ភ្ជួរ​សមុទ្រ​ឬ? តែ​អ្នក​រាល់​គ្នា​បាន​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ជាតិ​ពុល ហើយ​បង្វែរ​ផល​នៃ​សេចក្ដី​សុចរិត ឲ្យ​ទៅ​ជា​ស្លែង។ ម្នាល​អ្នក​រាល់​គ្នា​ដែល​រីក​រាយ​ក្នុង​ក្រុង​ឡូ​ដា​បា អ្នក​រាល់​គ្នា​ពោល​ថា "យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម តើ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​ឬ?" ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​មួយ ងើប​មក​ទាស់​នឹង​អ្នក​រាល់​គ្នា គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ស្ទឹង​អារ៉ាបា។

ចែក​រំលែក
អាន អេម៉ុស 6

អេម៉ុស 6:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។ ដូច្នេះ​ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​ជា​ឈ្លើយជាមុន​ដំបូង នោះ​ការ​លេង​សប្បាយ​របស់​ពួក​អ្នក ដែល​មិន​ពត់​ខ្លួន នឹង​សូន្យ​បាត់​ទៅ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្ដី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង នឹង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង គ្រា​នោះបើ​សិន​ជា​មាន​មនុស្ស​១០​នាក់​សល់​នៅ​ក្នុង​ផ្ទះ​១ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ទៅ ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​ដំរូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​ចេញ​បង្គាប់​វេលា​ណា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​វាយ​ឲ្យ​ប្រេះ‌ឆា ហើយ​ផ្ទះ​តូច​ផង ឲ្យ​ត្រូវ​បែក​បាក់។ ម្នាល ឯង​រាល់​គ្នា ដែល​រីក‌រាយ ក្នុង​សេចក្ដី​សោះ​សូន្យ ឯង​ថា យើង​បាន​អំណាច​ឡើង ដោយ‌សារ​កំឡាំង​របស់​ខ្លួន​យើង​ទេ​តើ ចុះ​សេះ​នឹង​បោល​នៅ​លើ​ថ្ម​ដែរ​ឬ តើ​មនុស្ស​នឹង​ភ្ជួរ​នៅ​ទី​នោះ​ដោយ​គោ​ឬ បាន​ជា​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ពិស ហើយ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត បាន​ប្រែ​ត្រឡប់​ជា​ស្លែង​វិញ​ដូច្នេះ ដ្បិត​មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រាអែល អញ​នឹង​ញ៉ាំង​សាសន៍១​ឲ្យ​មក​ទាស់​នឹង​ឯង គេ​នឹង​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៅ​ស្រុក​វាល។

ចែក​រំលែក
អាន អេម៉ុស 6