អេម៉ុស 6:5-14

អេម៉ុស 6:5-14 គកស១៦

ជា​អ្នក​ដែល​ច្រៀង​ឡូឡា​តាម​សំឡេង​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សម្រាប់​ខ្លួនចង់​ធ្វើ​ដូច​ដាវីឌ ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចាន​គោម ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ដ៏​វិសេស តែ​មិន​ព្រួយ​នឹង​ការ​វិនាស​របស់​យ៉ូសែប​ទេ។ ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។ ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា (នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ) យើង​ខ្ពើម​អំនួត​របស់​យ៉ាកុប ហើយ​ស្អប់​ទីមាំ​មួន​របស់​គេ យើង​នឹង​ប្រគល់​ទី​ក្រុង និង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។ ប្រសិន‌បើ​មាន​មនុស្ស​ដប់​នាក់​សល់​នៅ​ក្នុង​ផ្ទះ​មួយ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់ ហើយ​កាល​ណាសាច់​ញាតិ​របស់​ខ្លួន គឺ​អ្នក​ដែល​បូជា​សព ចូល​ទៅ​លើក​សាក​សព​នាំ​ចេញ​ពី​ផ្ទះ គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់ ក្នុង​ផ្ទះ​ថា «តើ​មាន​អ្នក​ណា​នៅ​ជា‌មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​ថា «គ្មាន​ទេ»។ ពេល​នោះ សាច់​ញាតិ​នោះ​នឹង​ពោល​ថា «កុំ​មាត់​អី!» យើង​មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទេ។ ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​ចេញ​រាជ​បញ្ជា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​បែក​បាក់​ខ្ទេច​ខ្ទី ហើយ​ផ្ទះ​តូច​ក៏​ត្រូវ​ខ្ទេច​ខ្ទី​អស់។ តើ​សេះ​បោល​នៅ​លើ​ផ្ទាំង​ថ្ម​ឬ? តើ​គេ​យក​គោ​ទៅ​ភ្ជួរ​សមុទ្រ​ឬ? តែ​អ្នក​រាល់​គ្នា​បាន​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ជាតិ​ពុល ហើយ​បង្វែរ​ផល​នៃ​សេចក្ដី​សុចរិត ឲ្យ​ទៅ​ជា​ស្លែង។ ម្នាល​អ្នក​រាល់​គ្នា​ដែល​រីក​រាយ​ក្នុង​ក្រុង​ឡូ​ដា​បា អ្នក​រាល់​គ្នា​ពោល​ថា "យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម តើ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​ឬ?" ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​មួយ ងើប​មក​ទាស់​នឹង​អ្នក​រាល់​គ្នា គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ស្ទឹង​អារ៉ាបា។

អាន អេម៉ុស 6