កិច្ចការ 9:23-30

កិច្ចការ 9:23-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា​បាន​ពិគ្រោះ​គ្នា​សម្លាប់​លោក តែ​លោក​សុល​បាន​ជ្រាប​ពី​គម្រោង‌ការ​របស់​គេ។ ពួក​គេ​ឃ្លាំ​ចាំ​មើល​នៅតាម​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សម្លាប់​លោក។ ប៉ុន្ដែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​ក៏​យក​លោក​ដាក់​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​កំផែង​ក្រុង។ ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។ ប៉ុន្ដែ លោក​បាណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​លោក​ទៅ​ជួប​ពួក​សាវក រួច​រៀប​រាប់​ប្រាប់​គេពី​ដំណើរ​ដែល​លោក​សុល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់លោក និង​ពី​ដំណើរ​ដែល​លោក​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ក្រុង​ដាម៉ាស ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ។ ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ លោក​ជជែក​វែក​ញែក​ជា‌មួយ​ពួក​ហេលេន តែ​គេ​បែរ​ជា​ប៉ុន​ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:23-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យូរ​ថ្ងៃ​ក្រោយ​មក​ទៀត ជន‌ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល តែ​លោក​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។ ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។ កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។ ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ក្រុម​សាវ័ក​ជានិច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។ លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បងប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តើសុស។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:23-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ គេ​ក៏​ចាំ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។ កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន គាត់​សំដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស

ចែក​រំលែក
អាន កិច្ចការ 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ