កិច្ចការ 9:1-19

កិច្ចការ 9:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​នោះ លោក​សុល​នៅ​តែ​គំរាម​កំហែង និង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ‌អម្ចាស់។ គាត់​បាន​ចូលជួបសម្ដេច​សង្ឃ សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ចាំង​មក​ជុំ​វិញ​គាត់។ គាត់​ក៏​ដួល​ទៅ​ដី ហើយ​ឮ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សុល​អើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ?» គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នៅ​ទីនោះនឹងមាន​គេ​ប្រាប់​អ្នក​ពី​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។ ពួក​អ្នក​ដែល​ដើរ​ជា‌មួយ​គាត់ គេ​ឈរ​ស្ងៀម​ឥត​និយាយ​អ្វី​ឡើយ ព្រោះ​គេ​ឮ​សំឡេង តែ​មិន​ឃើញ​មាន​អ្នក​ណា​សោះ។ លោក​សុល​ក៏​ក្រោក​ពី​ដី​ឡើង ហើយទោះ​ជា​គាត់​បើក​ភ្នែក ក៏មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ គេ​ក៏​ដឹក​ដៃ​គាត់ នាំ​ទៅ​ក្រុង​ដាម៉ាស។ រយៈ​ពេល​បី​ថ្ងៃ គាត់​មើល​មិន​ឃើញ​អ្វី​សោះ ក៏​មិន​បាន​បរិ‌ភោគ ឬ​ផឹក​អ្វីឡើយ។ នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​តាម​ផ្លូវ​ដែល​ហៅ​ថា "ផ្លូវ​ត្រង់" ហើយ​រក​មើល​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត មើល៍ គាត់​កំពុង​តែ​អធិស្ឋាន ហើយ​នៅ​ក្នុង​និមិត្ត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង​វិញ»។ អាណា‌នាស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល​បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដល់​ពួកបរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នេះ គាត់​បាន​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អំពាវ​នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។ រំពេច​នោះ មាន​អ្វីមួយ​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​របស់​គាត់ ហើយ​គាត់​ក៏​បាន​ភ្លឺ​ឡើង​វិញ។ បន្ទាប់​មក គាត់​ក៏​ក្រោក​ឡើង ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ក្រោយ​ពី​បាន​បរិ‌ភោគ​អាហារ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម​កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះ‌អម្ចាស់​ជានិច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។ គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ សូល ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។ លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន ។ ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។ រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។ នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ​“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន* ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ លោក​អាណា‌ណាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់ ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។ លោក​អាណា‌ណាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​ឲ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*»។ រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។ បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ‌អម្ចាស់​នៅ​ឡើយ ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង‌កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស ក្នុង​រវាង​៣​ថ្ងៃ គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។ រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ ប៉ុន្តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។

ចែក​រំលែក
អាន កិច្ចការ 9